សន្ដិសុខសង្គម

ខ្យល់កន្ត្រាក់បណ្ដាលឲ្យផ្ទះពលរដ្ឋរាប់ពាន់ខ្នងក្នុងខេត្តកំពតរងការខូចខាត

កំពត៖កាលពីថ្ងៃទី១៨ ខែធ្នូ ស្រុក-ក្រុងចំនួន៣ក្នុងខេត្តកំពត បានទទួលរងឥទ្ធិពលខ្យល់កន្ត្រាក់ ធ្វើឱ្យសាលារៀន កុដិព្រះសង្ឃ ទ្រព្យសម្បត្តិ និងផ្ទះពលរដ្ឋរាប់ពាន់ខ្នងរងការខូចខាត។

មន្ត្រីគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូបានឱ្យដឹងថា ដោយសារឥទ្ធិពលនៃខ្យល់កន្ត្រាក់ដែលកើតឡើងពេញមួយថ្ងៃទី១៨ ខែធ្នូ បានបង្កឱ្យលំនៅស្ថានពលរដ្ឋ-សាលារៀន-កុដិព្រះសង្ឃ ក្នុងស្រុក-ក្រុងចំនួន៣ រងការខូចខាតយ៉ាងច្រើនសន្ធឹកសន្ធាប់។

ក្នុងនោះ ក្រុងបូកគោប៉ះពាល់ផ្ទះចំនួន១.១៦៧ខ្នង ខូចខាតធ្ងន់ធ្ងរ៤ខ្នង ខូចខាតមធ្យម២៩៧ខ្នងនិងប៉ះពាល់បន្តិចបន្តួចចំនួន៨៤០ខ្នង។ជាមួយនេះក៏មានការខូចខាតសាលាចំនួន៩ខ្នង កុដិព្រះសង្ឃមួយខ្នង និងលិចទូកនេសាទចំនួន៤គ្រឿងផងដែរ។ស្រុកបន្ទាយមាស មានការប៉ះពាល់ផ្ទះ៥៨ខ្នង ខូចខាតកម្រិតធ្ងន់ចំនួន៣ខ្នង។ ស្រុកកំពង់ត្រាច រងការខូចខាតផ្ទះប្រជាពលរដ្ឋកម្រិតធ្ងន់ មធ្យម និងស្រាលចំនួន៨ខ្នង៕ដោយ៖កំចាយ