សន្ដិសុខសង្គម

ក្មេងប្រុសតូចបាចចំណីឱ្យត្រី រអិលជើងធ្លាក់ចូលទឹកស្រះ ទម្រាំរាវរកឃើញបណ្តាលឱ្យលង់ស្លាប់

កណ្តាល៖ក្មេងប្រុសតូចបានដើរទៅបាចចំណីឱ្យត្រីស៊ី រអិលជើងធ្លាក់ចូលទឹកស្រះក្នុងវត្តឪពុក ស្ទុះទៅជួយទម្រាំរាវរកឃើញ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ក្មេងលង់ទឹកស្លាប់នេះបានកើតឡើងនៅស្រះទឹកវត្តថ្មី ស្ថិតក្នុងភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ។ កុមារាដែលស្លាប់ឈ្មោះ ទ្រី សុគីន អាយុ៣ឆ្នាំ ទីកំណើតនៅភូមិស្រែគុយ ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល។

ឪពុកកុមារារងគ្រោះឈ្មោះ ជឿន ភារុំ អាយុ២៩ឆ្នាំ បានបំភ្លឺថា មុនកើតហេតុ កូនរបស់គាត់បានយកចំណីទៅបាចក្នុងស្រះឱ្យត្រីស៊ី។ស្រាប់តែរអិលជើងធ្លាក់ចូលស្រះ ហើយគាត់បានលោតទៅរាវរកតែរកមិនឃើញ។មួយសន្ទុះធំក្រោយមកក៏បានរកឃើញ តែកូនប្រុសបានស្លាប់បាត់ទៅហើយ។

ក្រោយហេតុការណ៍ សមត្ថកិច្ចផ្នែកពិនិត្យវិភាគ មានការចូលរួមពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបែកចាន មេឃុំ គ្រូពេទ្យ មេភូមិនិងឪពុកម្តាយចុះពិនិត្យកន្លែងកើតហេតុ ហើយបានបញ្ជាក់ថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកមែន៕ដោយ៖វិចិត្រ