អន្តរជាតិ

កងទ័ពជើងទឹកថៃ៣១នាក់បាត់ខ្លួន ក្រោយលិចនាវាក្នុងសមុទ្រភាគអាគ្នេយ៍

កងទ័ពជើងទឹកថៃយ៉ាងហោចណាស់៣១នាក់ បានបាត់ខ្លួននៅថ្ងៃចន្ទ ទី១៩ នេះ បន្ទាប់ពីបានលិចនាវា​ក្នុងដែនទឹកសមុទ្រភាគអាគ្នេយ៍នៃប្រទេស។

យោងតាមកាសែតបាងកកប៉ុស្តិ៍របស់ថៃ ហេតុការណ៍លិចនាវានេះ បានកើតឡើងកាលពីពាក់កណ្តាល​អធ្រាត្រថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ខណៈនាវាល្បាតមានឈ្មោះថា HTMS Sukhothai ស្រាប់តែបានលិច​ក្នុងពេលកំពុងល្បាតឈូងសមុទ្រថៃចម្ងាយប្រហែល ៣២គីឡូម៉ែត្រពីកំពង់ផែ Bang Saphan នៅភាគខាងកើតឆៀងខាងត្បូងនៃខេត្ត Prachuap Khiri Khan ដោយសារខ្យល់បោកបក់ខ្លាំង។

រូបភាពដែលត្រូវបានចែករំលែកដោយកងទ័ពជើងទឹក បានបង្ហាញឲ្យឃើញពីកប៉ាល់នោះ​ផ្អៀង​ទៅម្ខាងយ៉ាងពិតប្រាកដ តែមិនបានបង្ហាញពីមនុស្សដែលនៅលើនាវានោះទេ។ ថ្វីបើបេសកកម្មជួយ​សង្គ្រោះត្រូវបានចាប់ផ្តើមភ្លាមៗក៏ដោយ អ្នកនាំពាក្យកងទ័ពជើងទឹក ឧត្តមនាវីឯក Pogkrong Montradpalin បាននិយាយថា “យើងនៅតែស្វែងរកអ្នកបាត់ខ្លួនចំនួន ៣១ នាក់” ។

លោកបាននិយាយនៅព្រឹកថ្ងៃចន្ទនេះថា “ប្រព័ន្ធប្រតិបត្តិការរបស់កប៉ាល់បានឈប់ដំណើរការ ដែលបណ្តាលឱ្យនាវាបាត់បង់ការគ្រប់គ្រង” ។ បុគ្គលិកសរុបចំនួន ៧៥ នាក់ក្នុងចំណោម ១០៦ នាក់នៅលើនាវាត្រូវស្រង់សង្រ្គោះចេញពីទឹកនៅក្នុងប្រតិបត្តិការជួយសង្គ្រោះចូលរួមពី ឧទ្ធម្ភាគចក្រ       សមុទ្រពីរគ្រឿង នាវាចម្បាំងពីរគ្រឿង និងកាណូតមួយ។

សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា ប្រតិបត្តិការ​ស្វែងរក​និង​ជួយ​សង្គ្រោះ​ដែល​បាន​ចាប់​ផ្តើម​នៅ​ម៉ោង ៧ ព្រឹក​កំពុង​បន្ត។ ទាហានជើងទឹកប្រមាណ ១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Bang Saphan ខណៈ ៤០នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅជំរំ៕

ប្រភព៖ ​ Bangkok Posts

ប្រភពរូប៖ Bangkok Posts
ប្រែសម្រួល៖សុខ តុលា