សន្ដិសុខសង្គម

វេទិកានិពន្ធនាយកលើកទី១៩ស្នើឲ្យមានក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន

ដោយ៖រ៉ាម៉េត

ភ្នំពេញ៖ វេទិកានិពន្ធនាយកលើកទី១៩ រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានអនុម័តសេចក្តីថែ្លងការណ៍រួម ដោយក្នុងនោះបានស្នើឲ្យមានក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

វេទិកានេះមានការចូលរួមពី ចាងហ្វាង និពន្ធនាយក តំណាងសមាគមនិងជាអ្នកដឹកនាំសារព័ត៌មានសរុបចំនួន៩២នាក់ មកពី៦០អង្គភាពដែលកំពុងតែបំពេញការងារក្នុងវិស័យសារព័ត៌មាននៅកម្ពុជានាពេលបច្ចុប្បន្ននេះ។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាហៅកាត់ថា វ.ន.ស.ក បានជជែកពិភាក្សានិងឈានទៅអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី«ការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។

ក្រោយពីបានពិភាក្សាយ៉ាងផុលផុស វេទិកានិពន្ធនាយកសារព័ត៌មាននៅកម្ពុជាបានអនុម័តនូវសេចក្តីថ្លែងការណ៍រួមមានចំណុចសំខាន់ៗចំនួន៩ ដែលក្នុងចំណុចទាំងនោះគឺមានចំណុចមួយចង់បង្កើតឲ្យមានក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយនៅកម្ពុជា។

លោក ពុយ គា ដែលទើបទទួលតំណែង ជាប្រធានក្លិបអ្នកកាសែតកម្ពុជាជំនួសលោកប៉ែន បូណា បានលើកឡើងថា៖ ៩ចំណុចដែលបានអនុម័តនៅក្នុងសេចក្តីថ្លែងការណ៍រួមលើកនេះមានអត្ថន័យសំខាន់ណាស់ ជារួមគឺសំដៅពង្រឹងក្រមសីលធម៌វិជ្ជាជិវៈនិងលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មានក្នុងបរិបទនៃការរីកដុះដាលខ្លាំងនៃសារព័ត៌មានអនឡាញនិង បណ្តាញសង្គម។

លោកប្រធានក្លិបអ្នកកាសែតកម្ពុជាបានឲ្យដឹងថា៖ កន្លងមកមានសាធារណជនឬស្ថាប័នដទៃតែងតែរិះគន់យ៉ាងខ្លាំងនៅពេលដែលអ្នកសារព័ត៌មានមួយចំនួនបានប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈ។ ការរិះគន់ទាំងនោះទោះតិចឬច្រើនវាបានធ្វើឲ្យប៉ះពាល់ដល់អ្នកសារព័ត៌មានឬអង្គភាពសារព័ត៌មានដែលគេបានប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ។ រីឯក្លិប ឬសមាគមអ្នកសារព័ត៌មានដែលមានសព្វថ្ងៃ គ្មានសិទ្ធិស្របច្បាប់ ឬឥទ្ធិពលស្តីបន្ទោស ណែនាំ ព្រមានដល់អ្នកប្រកបអាជីពសារព័ត៌មាននៅពេលដែលគេប្រព្រឹត្ត ខុសនោះទេ។

ដូច្នេះគំនិតផ្ទួចផ្តើមនៃ ការបង្កើតឲ្យមានក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជិវៈសារព័ត៌មានមួយនៅពេលខាងមុខ ដែលមានមុខងារច្បាស់លាស់ក្នុងការតម្រង់ទិស, ដាក់ពិន័យ , ក៏ដូចជាកែលម្អវិជ្ជាជិវៈសារព័ត៌មាន គឺពិតជាត្រូវការចាំបាច់បំផុតសម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ន។

សូមបញ្ជាក់ថា នៅក្នុងវេទិកានិពន្ធនាយកលើកទី១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានផ្ញើសារលិខិតដែលអានដោយឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានដើម្បីចូលរួមអមអរសាទរនៅក្នុងវេទិកានេះ។

តាមរយៈសារលិខិត សម្តេចបានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន៥សម្រាប់យកធ្វើជាមូលដ្ឋានក្នុងការអនុវត្តបន្ត។ក្នុងនោះរួមមាន ពង្រឹងការអនុវត្តក្រមសីលធម៌និងវិជ្ជាជីវឲ្យបានខ្ជាប់ខ្ជួន, បណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល,ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ, បន្តផ្សព្វផ្សាយនូវវិធានការនិងទប់ស្កាត់ការរីករាលដាននៃជំងឺកូវីដ-១៩, ព្រមទាំងចូលរួមផ្សព្វផ្សាយឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕