កីឡា

បារាំងមិន​បារម្ភឡើយ​​នឹង​បរិយាកាសអរិភាព ក្នុង​វគ្គផ្ដាច់ព្រ័ត្រ នៅ World Cup

ក្រុមម្ចាស់ជើង​ឯក​ចាស់ គឺក្រុម​ជម្រើស​ជាតិបារាំង បាន​ទទូចថា ការលេងនៅចំពោះមុខក្រុម​មនុស្ស ដែលគាំទ្រ​គូបដិបក្ខ​ច្រើន​ជាង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅ World Cup នា​ថ្ងៃអាទិត្យនេះ ជាមួយក្រុមអាហ្សង់ទីន នឹងមិនជះ​ឥទ្ធិពលអ្វីឡើយដល់​ពួកគេ ខណៈដែលយក្ស​របស់​អឺរ៉ុប​មួយ​នេះ កំពុង​ប្រឹង​ប្រែង ដើម្បី​ក្លាយជាក្រុមដំបូងគេ ក្នុងរយៈពេល ៦០ឆ្នាំ ដែល​អាច​ការពារ​ពានរង្វាន់បាន​សម្រេច​។

ក្រុមពពក​សអាហ្សង់ទីន អាចនឹង​មានការលើក​ទឹក​ចិត្ត​ពីអ្នក​គាំទ្រអព្យាក្រឹត្យដោយ​ភាគច្រើន ខណៈដែលខ្សែប្រយុទ្ធ Lionel Messi ស្វះស្វែង ដើម្បី​បាន​ឈ្នះពាន​រង្វាន់ នៅ​ World Cup ជាលើកទី១ ដែល​ប្រហែលជាហ្គេម​ចុងក្រោយរបស់គេ ក្នុងការព្រឹត្តិការណ៍​ដ៏ធំ​របស់​ពិភពលោក នៅវ័យ ៣៥ឆ្នាំ។

បន្ថែមពីលើនេះ ក្រុម​អាហ្សង់ទីននឹងមាន​អ្នកគាំទ្រច្រើនជាងមុន សម្រាប់​ការ​ប្រកួត នៅឯកីឡដ្ឋាន Lusail ក្នុង​ទីក្រុង​ដូហា ដោយ​រំពឹងថា នឹងមានចំនួនដល់ទៅ ៤០ ០០០នាក់ ខណៈដែលអ្នកគាំទ្ររបស់​ក្រុម​មាន់គក​បារាំងមានចំនួនប្រហែល ៦ ០០០នាក់។

«ខ្ញុំដឹងច្បាស់ថា ក្រុម​អាហ្សង់ទីននឹងមានមនុស្ស​ជាច្រើន ដែល​នៅចាំ​គាំទ្រ​ពីក្រោយពួកគេ»។ នេះ​ជាសម្ដី​របស់​គ្រូបង្វឹក​ក្រុម​បារាំង លោក Didier Deschamps ដែលសង្ឃឹមថា នឹងក្លាយជាគ្រូបង្វឹកដំបូងគេបង្អស់ ក្នុង​ការ​បាន​ឈ្នះពាន World Cup បន្តបន្ទាប់គ្នា គិត​ចាប់តាំងពីលោក Vittorio Pozzo របស់ក្រុមអ៊ីតាលី ក្នុងទសវត្សរ៍ឆ្នាំ១៩៣០។

លោក Deschamps បាន​បន្ថែម​ថា៖ «ខ្ញុំរំពឹងនឹងមានបរិយាកាសដ៏​រីករាយ ដោយមាន​ប្រជាជនអាហ្សង់ទីន ដែលពោ​ពេញ​ទៅ​ដោយ​ភាព​អន្ទះ​អន្ទែង ហើយវា​នឹង​ជារឿង​ត្រឹម​ត្រូវ ដែលអ្នក​ទាំង​នោះ ​នៅ​ជួយ​គាំទ្រ​ពីក្រោយក្រុមរបស់ពួកគេ។ ពួកគេស្រែក​ច្រៀង​ស្រុះ​គ្នា និងសម្ដែង​ចេញ​បាន​ល្អ​ណាស់។ នោះ​ជា​រឿង​ល្អ។ វាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅ World Cup ប៉ុន្តែគូប្រជែងរបស់យើង មិនមែន​នៅកន្លែង​អង្គុយ​មើល​នោះ​ទេ»។

បារាំង​អាច​ក្លាយ​ជា​ក្រុម​ទី ១ ​ចាប់​តាំង​ពីក្រុម​​ប្រេស៊ីល ​ក្នុង​ឆ្នាំ១៩៦២ ដែល​អាច​​ការពារ​តំណែង​ជើង​ឯក នៅ World Cup បាន ខណៈ​ក្រុមទាំង២ កំពុងសម្លឹងរកការឈ្នះពានរង្វាន់នេះ​ជាលើកទី ៣ ដូច​គ្នា ដោយការដណ្ដើម​បាន​ជើងឯក​លើក​ចុងក្រោយរបស់ក្រុមអាហ្សង់ទីន កើតឡើងកាល​ពី​ឆ្នាំ១៩៨៦។

ក្រុម​បារាំង​ដណ្ដើម​បាន​ជ័យ​ជម្នះ​លើ​ក្រុម​អាហ្សង់ទីន ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ឈ្នះ​ពាន​រង្វាន់ World Cup 2018 ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ៤-៣ នៅ​ពេល​ដែល​ពួកគេ ​ជួប​គ្នា ក្នុង​វគ្គ ១៦​ក្រុម​ចុង​ក្រោយ៕