កីឡា

ក្រូអាស៊ី យក​ឈ្នះ​ម៉ារ៉ុក ដើម្បី​ក្លាយ​ជា​ក្រុម​លេខ ៣ នៅ World Cup

ក្រុម​ជម្រើសជាតិក្រូអាស៊ី បានយកឈ្នះក្រុមម៉ារ៉ុក ២-១ ក្នុងការប្រកួតយកចំណាត់ថ្នាក់លេខ ៣ ក្នុងព្រឹត្តិការណ៍ World Cup កាលពីថ្ងៃសៅរ៍ ដោយកីឡាករ Mislav Orsic ជា​អ្នក​រក​បាន​នូវ​គ្រាប់ជ័យជម្នះ ជាមួយ​នឹង​បច្ចេក​ទេស​ស៊ុត​បាល់​កោង​បញ្ចូល​ទី​យ៉ាង​ស្អាត។

ខ្សែការពារ Josko Gvardiol ដែលជាម្នាក់ ក្នុង​ចំណោម​កីឡាករដ៏​លេចធ្លោ ក្នុងការប្រកួតប្រជែងង នៅប្រទេសកាតា បានតែត​បញ្ចូល​ទី​ឱ្យ​ក្រុម​ក្រូអាស៊ីនាំមុខមុននៅនាទីទី​៧ ប៉ុន្តែខ្សែ​ការ​ពារ​ Achraf Dari បានជួយ​ឱ្យក្រុមម៉ារ៉ុកតាម​ស្មើ​ភ្លាមៗ ក្នុង​ហ្គេម នៅកីឡដ្ឋាន Khalifa International នេះ។

បន្ទាប់​មក គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់កីឡាករ Orsic នៅចុងវគ្គ​ទី ១ បានជួយ​ធានាឱ្យក្រូអាស៊ី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាមួយ​នឹង​មេដាយសំរឹទ្ធ ដោយ​នេះ​ជាលើកទី​១១ បន្តបន្ទាប់​គ្នាហើយ ដែលក្រុមជាប់​ចំណាត់ថ្នាក់​លេខ ៣ គឺសុទ្ធតែ​ក្រុម​ទៅ​ពី​អឺរ៉ុប​។

គ្រូ​បង្វឹក​របស់​ក្រុម​ក្រូអាស៊ី លោក Zlatko Dalic ​បាន​និយាយ នៅ​ក្រោយ​ការ​ប្រកួតខ្លី​ៗ​ថា៖ «វា​ជា​មេដាយ​សំរឹទ្ធ ប៉ុន្តែ​សម្រាប់​យើង វា​ដូច​ជា​មេដាយ​មាសអ៊ីចឹង!»។

ដោយ​ឡែក​លោក Walid Regragui គ្រូបង្វឹករបស់​ក្រុមម៉ារ៉ុកវិញ បានលើក​ឡើង​ថា មានរឿងជាច្រើន ដើម្បីឱ្យ​ក្រុមរបស់គាត់ឆ្លុះបញ្ចាំងពី​មោទនភាព បន្ទាប់ពីពួកគេ បានក្លាយជាក្រុមអាហ្វ្រិកដំបូង​គេ ក្នុង​ការ​បាន​ឆ្លង​មក​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្នុងប្រវត្តិសាស្ត្ររបស់ World Cup។

ក្រុម​ម៉ារ៉ុក ដែលមិនធ្លាប់ឆ្លងផុតវគ្គ ១៦​ក្រុមចុងក្រោយទាល់​តែសោះ នៅ​មុន World Cup នេះ បានសម្ដែង​ចេញ​នូវការប្ដូរ​ផ្ដាច់​របស់ពួកគេ ដោយ​ការបង្ហាញនូវ​ទម្រង់​លេង​ប្រកប​ដោយ​ភាព​ក្លៀវក្លា ទល់​នឹង​ក្រុមក្រូអាស៊ី ដែល​ជា​ជើងឯករងឆ្នាំ២០១៨ ក្នុងការប្រកួតបើកឆាករបស់ពួកគេ នៅប្រទេសកាតា។ តែ​យ៉ាង​ក្ដី ការ​ប្រកួតគ្នា​ម្ដង​ទៀត​នេះ ​គឺ​មិន​ដូច​លទ្ធផល​ស្មើគ្នា ០-០ ក្នុង​វគ្គ​ចែក​ពូល​នោះ​ឡើយ​៕