សន្ដិសុខសង្គម

អាវុធហត្ថនាំខ្លួនកូនជាងម្នាក់លួចដែកជិត ២០០កំណាត់ទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថ​ខេត្ត កាលពីថ្ងៃទី១៦ ខែធ្នូ បានបញ្ជូនជនសង្ស័យជា​កូនជាងម្នាក់​តាមបណ្តឹងករណីលួចដែកជិត ២០០កំណាត់​ទៅតុលាការ​ដើម្បីចាត់ការតាម​ច្បាប់។

មន្ត្រីអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា កាលពីថ្ងៃទី១៥​ ខែធ្នូ​ កម្លាំងមូលដ្ឋាន បានឃាត់ខ្លួនជាងចាក់លូម្នាក់​ពីបទលួច​កំណាត់ដែកជិត២០០កំណាត់នៅ​ការដ្ឋានស្ទឹងបត់ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ការឃាត់ខ្លួនជនសង្ស័យនោះតាមបណ្តឹងឈ្មោះ​ឌិន ស៊ីថា អាយុ៤៨ឆ្នាំ ជាមេការគ្រប់គ្រងសំណង់ការដ្ឋានខាងលើ។

មន្ត្រីដដែលបានបន្តថា ជនសង្ស័យ​ឈ្មោះ​ លាន លីម អាយុ២៦ឆ្នាំ បានលួចយកកំណាត់ដែក ថ្នាំងអំពៅទំហំ១៦លី ប្រវែង២ម៉ែត្រ ចំនួន១៨០កំណាត់ជារបស់មេការគ្រប់គ្រងសំណង់​នៅការដ្ឋានស្ទឹងបត់នោះ។

មេការ​ដើមបណ្តឹងបានឱ្យដឹងថា មានជាងម្នាក់បានដឹកដែកចេញពីការដ្ឋានដោយមិនមានការអនុញ្ញាត។ភ្លាមនោះរូបគាត់បានទៅមើលក៏ឃើញជនសង្ស័យ​ឈ្មោះលាន លីម បានដឹកកំណាត់ដែកថ្នាំងអំពៅ ចំនួន១៨០កំណាត់ដាក់លើម៉ូតូរ៉ឺម៉កដឹកចេញពីកន្លែងក៏បានប្តឹងអាវុធហត្ថចាប់ខ្លួនតែម្តង។

វត្ថុតាងចាប់បានម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ដែកថ្នាំងអំពៅទំហំ១៦លី ប្រវែង២ម៉ែត្រចំនួន១៨០កំណាត់ ហើយសម្ភារទាំងនោះបានប្រគល់ជូនម្ចាស់ដើមវិញ៕ដោយ៖វិចិត្រ