អន្តរជាតិ

អាងចិញ្ចឹមត្រី AquaDom របស់អាល្លឺម៉ង់ធំបំផុតលើពិភពលោកត្រូវបានផ្ទុះបែក

អាងចិញ្ចឹមត្រីដ៏ធំជាងគេក្នុងពិភពលោក កម្ពស់ជាង២០ម៉ែត្រ នៅកណ្តាលទីក្រុងបែរឡាំង ត្រូវបានផ្ទុះបែកកាលពីថ្ងៃសុក្រ ទី១៧ ខែធ្នូ បែកធ្លាយចេញត្រីប្រហែល១.៥០០ក្បាល។

យោងតាមកាសែតដេលីមែល អាងចិញ្ចឹមត្រី AquaDom កម្ពស់៨២ហ្វីត ស្មើនឹងប្រហែល ២៤ម៉ែត្រដ៏ធំសម្បើមនេះ គឺមានទីតាំងស្ថិតក្នុងសណ្ឋាគារមួយឈ្មោះ Radisson Blu នៅកណ្តាលទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។ វាបានប្រេះបែកធ្លាយកាលពីវេលាម៉ោង៥ និង ៥០នាទីព្រឹក ម៉ោងក្នុងស្រុក ដោយបណ្តាលឲ្យទឹក កម្ទេចកម្ទី និងត្រីប្រមាណ ១.៥០០ក្បាលក្នុងនោះត្រូវហៀរហូរចេញមកតាមដងផ្លូវ។ លោក Almut Neumann ជាមន្ត្រីក្រុងទទួលបន្ទុកបញ្ហាបរិស្ថាននៃទីក្រុងបែរឡាំង បានប្រាប់ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ dpa ថា “ឥឡូវនេះយើងកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះត្រីទាំងនោះ”។ ចំពោះមូលហេតុ នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ កំពុងស្ថិតក្រោមការស៊ើបអង្កេត តែជាបឋមវាប្រហែលជា បណ្តាលមកពីសីតុណ្ហភាពចុះត្រជាក់ពេក រហូតធ្វើឲ្យកញ្ចក់កែវប្រេះ។

លោកបានបន្តថា ត្រីប្រមាណ ៤០០ទៅ ៥០០ក្បាលត្រូវបានជួយសង្រ្គោះ តែត្រូវការឧស្ម័នអុកស៊ីសែន បន្ទាន់សម្រាប់ការរស់រាន។ ត្រីក្នុងអាងនេះទាំងអស់មាន៨០ប្រភេទ ដែលសុទ្ធសឹងតែជាត្រីល្បីៗ របស់ពិភពលោក៕

ប្រភព៖ ​ DailyMail

ប្រភពរូប៖DailyMail
ប្រែសម្រួល៖សុខ តុលា