អន្តរជាតិ

ហ្សេឡិនស្គីថា​រុស្ស៊ីមិនទាន់អស់អាវុធទេ ខណៈបាញ់ថ្ងៃសុក្រជាង៧០គ្រាប់ទៀតហើយ

លោកហ្សេឡិនស្គី បានរាយការណ៍ថា ការពិតរុស្ស៊ីមិនទាន់អស់អាវុធនោះទេ ខណៈទិន្នន័យចុងក្រោយ ត្រឹមថ្ងៃសុក្ររុស្ស៊ីបាញ់ផ្លោងមីស៊ីលសរុបជាង៧០គ្រាប់បន្ថែមទៀត។

ប្រធានាធិបតីអ៊ុយក្រែន លោកVolodymr Zelensky បាននិយាយតាមវីដេអូពេលល្ងាចថ្ងៃសុក្រទី ១៦ ខែធ្នូ ឆ្នាំ២០២២ថា ការពិតរុស្ស៊ីនៅតែកំពុងមានគ្រាប់មីស៊ីលគ្រប់គ្រាន់សម្រាប់ការវាយប្រហារប្រទេស អ៊ុយក្រែនម្តងហើយម្តងទៀត និងការវាយប្រហារទ្រង់ទ្រាយធំ។ លោកស្គីបានស្នើឱ្យសមាជិក នៃរដ្ឋបាលមូលដ្ឋាន និងតំបន់ពាក់ព័ន្ធធ្វើការឱ្យកាន់តែសកម្មក្នុងការបង្កើតថាមពលបម្រុងបន្ថែមទៀត – សហការជាមួយអាជីវកម្មថាមពល ខណៈការផ្គត់ផ្គង់ទឹកត្រូវបានផ្អាកនៅក្នុងទីក្រុង Kyiv និងអគ្គិសនីនៃ តំបន់ចំនួន ១៤ ផ្សេងទៀត”។

យោងតាមអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន បានបំភ្លឺព័ត៌មានលម្អិតថា ការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃសុក្រទី ១៦ ខែធ្នូ ដោយរុស្ស៊ីបានប្រើប្រាស់កាំជ្រួចសរុបចំនួន ៧៤ គ្រាប់ ខណៈអង្គភាពការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់បានចំនួន ៦០ គ្រាប់។ តែយ៉ាងណា ជាលទ្ធផលនៃការវាយប្រហារ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងអគារលំនៅដ្ឋានជាច្រើន នៅក្នុងសង្កាត់ Zhytomyr, រដ្ឋធានីKyiv, Kharkiv, Dnipropetrovsk និងតំបន់ Zaporizhzhia ត្រូវបានរងការខូចខាតយ៉ាងដំណំ ពិសេសបានសម្លាប់មនុស្សសរុបចំនួន ១២នាក់ទូទាំងតំបន់៕

ប្រភព៖ ​ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា