សន្ដិសុខសង្គម

រៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ករណីលួចម៉ូតួកន្លះឆ្នាំមុន

សៀមរាប៖កម្លាំងនគរបាលស្រុកសូទ្រនិគម បានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណី​លួចម៉ូតូកាលពីកន្លះឆ្នាំមុន ហើយរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃនេះ។

មន្ត្រីនគរបាលខេត្តសៀមរាបបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ កម្លាំងនគរបាលស្រុក​សូទ្រនិគមបានស្រាវជ្រាវរហូតដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់នៅផ្លូវជាតិលេខ៦ ក្នុងភូមិដំដែកផ្សារ ស្រុកសូទ្រនិគម ខេត្តសៀមរាប។បុរសខាងលើពាក់ព័ន្ធករណីលួចម៉ូតូកាលពីយប់អំឡុងខែមិថុនា ឆ្នាំ២០២២ នៅវាលស្រែប្រឡាយថ្មី ភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ស្ត្រីម្ចាស់ម៉ូតូឈ្មោះយឿន ពា អាយុ៣៧ឆ្នាំ នៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជនសង្ស័យឈ្មោះភឹម ថៃ អាយុ៣៦ឆ្នាំ នៅភូមិ ឃុំខាងលើ។ជនសង្ស័យបានសារភាពថា រូបគេបានលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន។ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង​ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ហើយបានប្រគល់ឱ្យម្ចាស់វិញ។

បន្ទាប់ពីនោះនគរបាលជំនាញខេត្តបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ