សន្ដិសុខសង្គម

រថយន្តកៀរម៉ូតូឱ្យដួលបណ្តាលឱ្យបុរសម្នាក់​បោកក្បាលស្លាប់ភ្លាម

ភ្នំពេញ៖រថយន្តមិនស្គាល់អត្តសញ្ញាណបានបើកកៀរម៉ូតូឱ្យដួល បណ្តាលឱ្យបុរសម្នាក់ បោកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កបើកគេចខ្លួនបាត់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅផ្លូវ៦០ម៉ែត្រ ក្នុងភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ។

មន្ត្រីប្រចាំគោលដៅបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ វៀង យ៉ាំងហ៊ី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម នៅភូមិដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល​។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម​ ផ្លាកលេខភ្នំពេញ1AF-1837​។

មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូតាមផ្លូវ៦០ម៉ែត្រ​ពីជើងទៅត្បូង។មកដល់កន្លែងខាងលើក៏មាន រថយន្តមិនស្គាល់ម៉ាក​បើកមកពីក្រោយយ៉ាងលឿន​បានកៀរម៉ូតូដួល​បណ្ដាលឲ្យជនរងគ្រោះ បោកក្បាលស្លាប់ក្នុងថ្លុកឈាមតែម្តង។ក្រោយមកនគរបាលចរាចរណ៍ចុះវាស់វែង និងយកម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ដើម្បីប្រគល់ឱ្យក្រុមគ្រួសារ៕​ដោយ៖វិចិត្រ