អន្តរជាតិ

ពូទីននឹងធ្វើទស្សនកិច្ចប្រទេសបេឡារុសនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ា ឌឹមៀរពូទីន នឹងធ្វើដំណើរទស្សនកិច្ចការទូតទៅកាន់ប្រទេស​បេឡារុសនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដើម្បីទៅពិភាក្សាស៊ីជម្រៅពីបញ្ហា សន្តិសុខ។

បើតាមការិយាល័យមេដឹកនាំបេឡារុសបាននិយាយប្រាប់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ពិតជាគ្រោងនឹងធ្វើទស្សនកិច្ចមកបេឡារុសនៅថ្ងៃចន្ទ ទី ១៩ ខែធ្នូ ឆ្នាំ២០២២ ដើម្បីពិភាក្សាជាមួយសមភាគីលោក Alexander Lukashenko អំពីបញ្ហាជិតស្និទ្ធរឿងសន្តិសុខជាទូទៅ តែមិនបានលើកឡើងថានឹងនិយាយអំពីរឿងអ៊ុយក្រែននោះទេ។ សេចក្តីថ្លែងការណ៍បាននិយាយ​ដោយផ្ទាល់ថា “ប្រធានាធិបតីនឹងផ្តល់អាទិភាពដល់បញ្ហាសន្តិសុខ និងផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាព​ក្នុងតំបន់ និងពិភពលោក”។ ប្រធានាធិបតីបេឡារុសបាននិយាយថា អ្នកទាំងពីរនឹងធ្វើការពិភាក្សា​នៅវិមានឯករាជ្យការិយាល័យរបស់ Lukashenko នៅទីក្រុង Minsk ក្នុងអំឡុងពេល “ទស្សនកិច្ចការងារ”។ តាមប្រភពដដែល អ្នកទាំងពីរនឹងធ្វើកិច្ចចរចា​រឿងសាច់ការលម្អិត​មួយទល់នឹងមួយ ក៏ដូចជាការចរចាកាន់តែទូលំទូលាយជាមួយរដ្ឋមន្ត្រី​របស់ពួកគេស្តីពី “សមាហរណកម្មបេឡារុស-រុស្ស៊ីផងដែរ”។

ទោះបីជាមិនមានការលើកឡើងនិយាយពីអ៊ុយក្រែនក៏ដោយ តែស្ថានភាពជាក់ស្តែងបាន​បង្ហាញពិភពលោកឲ្យដឹងរួចហើយថា ប្រទេសទាំងពីរបានស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពារជាតិស្អិតល្មួតណាស់ ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមមក រហូតបាន​ដាក់ពង្រាយទ័ពយុទ្ធសាស្រ្តរួមគ្នាទៀតផង៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា