សន្ដិសុខសង្គម

នាំក្រុមជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

ភ្នំពេញ​៖​កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីគ្រឿងញៀននៅ៣ទីតាំងផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ហើយនាំខ្លួនទៅតុលាការចាត់ការតាមនីតិវិធី។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងកាលពីរសៀលថ្ងៃទី១៦ ខែធ្នូថា កម្លាំងជំនាញបានចុះបង្ក្រាប​ករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់លើ៣ទីតាំង ​និងឃាត់ខ្លួនមនុស្ស៧នាក់។

មន្ត្រីដដែលបានបន្តថា កាលពីយប់ថ្ងៃទី១៥ ខែធ្នូ នគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ចុះល្បាតនៅតាមតំបន់សំណង់មិនរៀបរយទាំង១៤ខណ្ឌ បានបង្ក្រាប​ករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនលើ៣ទីតាំង​ដោយឃាត់ខ្លួន៧នាក់ក្នុងនោះមានស្រីម្នាក់។

ទីតាំងទី១-នៅបន្ទប់ជួល ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។២-នៅភូមិបុរីកម្មករ​ សង្កាត់ទឹកថ្លា​ ខណ្ឌ​សែនសុខ និង​៣-ផ្លូវ​រថភ្លើង​ សង្កាត់ស្រះចក​ ខណ្ឌ​ដូនពេញ​។វត្ថុតាងចាប់បាន ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៣កញ្ចប់-ដបទឹកកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀននិងទូរសព្ទ៣គ្រឿង៕ដោយ៖វិចិត្រ