សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យចាក់សម្លាប់សង្សារទៅតុលាការ

បន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ បានចាប់ជនសង្ស័យ ប្រើកាំបិតចុងស្រួចចាក់សម្លាប់សង្សារព្រោះតែភ្លើងប្រចណ្ឌ និងត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា អំពើឃាតកម្មចាក់សម្លាប់មនុស្សស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

មន្ត្រីដដែលបានបន្តថា មុនកើតហេតុ ជនសង្ស័យឈ្មោះ ហុង ហ៊ាន អាយុ៣៩ឆ្នាំ នៅភូមិខាងលើ ក្នុងស្ថានភាពស្រវឹងស្រា បានឈ្លោះប្រកែកជាមួយអ្នកជិតខាងឈ្មោះឌិញ មិថុនា ភេទស្រី អាយុ៣៨ឆ្នាំ។ពេលនោះស្ត្រីឈ្មោះ រី រឿង អាយុ២៩ឆ្នាំ ស្នាក់នៅជាមួយស្ត្រីឈ្មោះឌិញ មិថុនា បានស្រែកតបតទៅជនសង្ស័យ ហើយជនសង្ស័យបានយកកាំបិតមកចាក់ទៅលើស្ត្រីឈ្មោះ រី រឿង ចំដើមទ្រូងខាងឆ្វេង និងដាច់ចិញ្ចើមខាងស្ដាំបណ្ដាលឱ្យស្លាប់ភ្លាមតែម្ដង។ស្ត្រីបាត់បង់ជីវិតឈ្មោះ រី រឿង អាយុ២៩ឆ្នាំ ទីកំណើតភូមិទួលព្រំ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

បន្ទាប់កើតហេតុ កម្លាំងជំនាញបានចាប់ជនសង្ស័យយកទៅសាកសួរ ហើយបានសារភាពថា រូបគេបានផឹកស្រាស្រវឹងនិងប្រចណ្ឌសង្សាឈ្មោះ រី រឿង ដែលទៅស្រឡាញ់ស្រីដូចគ្នាជាមួយឈ្មោះ ឌិញ មិថុនា ដោយយកកាំបិតចាក់ទៅលើនាងឱ្យស្លាប់ពិតប្រាកដមែន៕ដោយ៖វិចិត្រ