កីឡា

Santos លាលែង​ពី​គ្រូបង្វឹក​ព័រទុយហ្គាល់ ខណៈ Mourinho ទំនង​ជា​មក​ស្នង​តំណែង

លោក Fernando Santos បានលាលែងពីតំណែងជាគ្រូបង្វឹករបស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ហើយ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមបាន​ធ្លាក់​ពី​ព្រឹត្តិការណ៍ World Cup យ៉ាង​គួរ​ឱ្យ​ភ្ញាក់ផ្អើល ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ក្រោមស្នាដៃរបស់​ក្រុមម៉ារ៉ុក ដោយ​ឈ្មោះ​របស់​លោក Jose Mourinho កំពុង​ត្រូវបានចាប់​អារម្មណ៍ថា ជាបេក្ខជននាំមុខគេ ក្នុង​ការ​បាន​ចូល​មក​ស្នង​តំណែងនេះ។

សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) បានឱ្យ​ដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហព័ន្ធ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀងមួយជាមួយលោក Santos វ័យ ៦៨ឆ្នាំ ដើម្បីបញ្ចប់ដំណើរជោគជ័យ ដ៏អស្ចារ្យ ដែលបានចាប់ផ្តើម ក្នុងខែកញ្ញា ឆ្នាំ២០១៤។

FPF បានបន្ថែមទៀត​ថា ឥឡូវ​នេះ សហព័ន្ធ​នឹងចាប់ផ្តើមដំណើរការ ក្នុង​ការ​ជ្រើសរើសគ្រូបង្វឹកជម្រើសជាតិបន្ទាប់ ហើយ​បើយោង​​តាមការ​អះអាង​របស់​កាសែតកីឡាប្រចាំថ្ងៃ Record លោក Mourinho គឺជាគោលដៅទី ១ របស់សហព័ន្ធ ក្នុង​ការ​យក​មក​ធ្វើ​តួនាទី​នេះ នៅ​មុនការប្រកួតវគ្គជម្រុះ​នៃ​ព្រឹត្តិការណ៍ Euro 2024។

សហព័ន្ធ​ថែមទាំងត្រូវបានគេរាយការណ៍ថា នឹងស្នើ​នូវ​កិច្ច​ព្រម​ព្រៀង​មួយ ដែលនឹងឃើញ​ថា លោក ​Mourinho ចូលដឹកនាំក្រុមជម្រើសជាតិជាបណ្តោះអាសន្នសិន ដើម្បីអាច​ឱ្យរូប​គាត់បញ្ចប់​រដូវកាលជាមួយក្លិប Roma ក្នុងប្រទេសអ៊ីតាលី។

នៅពេលសួរអំពីការងារ ក្នុង​ក្រុមជម្រើសជាតិនេះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅពេលដែលគាត់បានទៅដល់ភាគខាងត្បូងប្រទេសព័រទុយហ្គាល់ ដើម្បី​ចូល​កន្លែង​ហ្វឹកហាត់ជាមួយក្រុម Roma លោក Mourinho មិនបានធ្វើអត្ថាធិប្បាយអ្វី​នោះ​ទេ។ ការ​ប្រកួត ក្នុង​វគ្គជម្រុះសម្រាប់ Euro 2024 ចាប់ផ្តើម ក្នុងខែមីនា។

ជាមួយ​គ្នា​នេះ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Rui Jorge (ដឹកនាំ​ក្រុមអាយុក្រោម ២១ឆ្នាំ), លោក Abel Ferreira (ក្រុម Palmeiras), លោក Paulo Fonseca (ក្រុម Lille), លោក Rui Vitoria (ក្រុមជម្រើស​ជាតិអេហ្ស៊ីប) និងលោក Jorge Jesus (ក្រុម Fenerbahce) ក៏ស្ថិតក្នុងចំណោមបេក្ខជនដ៏​មានសក្តានុពល ដែលត្រូវបានលើក​ឡើង​ដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក​ដែរ៕