កីឡា

Rivaldo ជឿថា Messi សមនឹង​បាន​លើក​ពាន World Cup

កីឡាករ Lionel Messi ស័ក្តិសម​នឹងបាន​​លើក​ពាន ក្នុង​ព្រឹត្តិការណ៍ World Cup ហើយ​នឹង​ដឹក​នាំក្រុម​​អាហ្សង់ទីនទៅរកភាព​ជោគ​ជ័យ ក្នុង​ការ​ប្រកួត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ នា​ថ្ងៃ​អាទិត្យ។ នេះ​ជា​លើក​ឡើង​របស់លោក Rivaldo ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ពិភពលោក​នេះ​ជាមួយ​ក្រុម​ជម្រើស​ជាតិប្រេស៊ីល កាល​ពី​ឆ្នាំ២០២២។

កីឡាករ Messi បង្កើតបាន​នូវ​ទម្រង់លេងដ៏អស្ចារ្យមួយទៀត ខណៈដែលក្រុមជម្រើសជាតិ​អាហ្សង់ទីន បានយកឈ្នះក្រូអាស៊ី ៣-០ ក្នុងហ្គេម នៅ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ ដោយជា​អ្នក​ស៊ុត​គ្រាប់​បាល់បើក​ឆាក ដោយ​ការ​ទាត់​បាល់ប៉េណាល់ទីបាន​សម្រេច មុនពេលមាន​ចំណែក​រួម ១គ្រាប់​ទៀត​ ដោយ​ការ​បញ្ចូនឱ្យ​កីឡាករ Julian Alvarez បន្ទាប់ពីរត់​បណ្ដើរ​តែម្នាក់ឯងបាន​យ៉ាងល្អ។

នៅថ្ងៃដែលរូប​គេ​តាមស្មើកំណត់ត្រារបស់លោក Lothar Matthaus ក្នុង​ការបង្ហាញខ្លួនបាន​ ២៥លើក នៅ World Cup ខ្សែបយុទ្ធ Messi បានក្លាយជាកីឡាករដំបូងគេ ដែលស៊ុតបញ្ចូលទី និងបញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​ ក្នុងការប្រកួតចំនួន ៤លើកនៃ​ព្រឹត្តិការណ៍​នេះ។

គ្រាប់បាល់ទី ១១ ក្នុងការប្រកួត នៅ World Cup របស់កីឡាករ Messi ក៏បានធ្វើឱ្យរូបគេ​ក្លាយជាអ្នកស៊ុតបញ្ចូលទីជា​កំណត់ត្រារបស់ក្រុម​ពពក​ស នៅក្នុងការប្រកួតប្រជែង​នេះផងដែរ ហើយដោយ​ក្រុមប្រេស៊ីល បានធ្លាក់ ក្នុង​វគ្គ ១/៤ ផ្តាច់ព្រ័ត្រហើយ​នោះ លោក Rivaldo សង្ឃឹមថា កីឡាករ Messi អាច​ដណ្តើមបានពានរង្វាន់ដ៏មាន​កិត្តយស​បំផុត​របស់ពិភពលោក​នេះ។

លោក Rivaldo បានសរសេរសារ នៅ​លើ​បណ្ដាញសង្គម Instagram ថា៖ «យើងលែងមានក្រុមប្រេស៊ីល ឬកីឡាករ Neymar ក្នុងវគ្គផ្តាច់ព្រ័ត្រនៃ​ការ​ប្រកួត​ប្រជែង​នេះទៀតហើយ ដូច្នេះខ្ញុំនឹងនៅជាមួយអាហ្សង់ទីន។ គ្មានពាក្យពេចន៍​អ្វី សម្រាប់អ្នកនោះ​ទេ Leo Messi»។

«អ្នកសមនឹងទទួលបានជើងឯកពិភពលោកនេះ​ពីមុនមករួ​ចហើយ ប៉ុន្តែព្រះជាម្ចាស់ទ្រង់ជ្រាបគ្រប់យ៉ាង ហើយទ្រង់​នឹងប្រគល់​ជើង​ឯក​ឱ្យ​អ្នក​ នៅថ្ងៃអាទិត្យនេះ។ អ្នកសមនឹងទទួលបានពានរង្វាន់នេះ សម្រាប់មនុស្ស​ដ៏​អស្ចារ្យ​ដូ​ចអ្នក និងសម្រាប់បាល់ទាត់ដ៏អស្ចារ្យ ដែលអ្នកតែងតែលេង។ សូម​កោត​សរសើរ និង​អរគុណ ចំពោះ​អ្នក​។ សូមព្រះប្រទានពរដល់អ្នក»។ នេះ​ជាការ​សរសេរ​រៀប​រាប់​បន្ថែម​របស់​លោក Rivaldo៕