អន្តរជាតិ

ឥណ្ឌាសាកល្បងបាញ់មីស៊ីលនុយក្លេអ៊ែរ ចំពេលមានភាពតានតឹងថ្មីជាមួយចិន

ដោយឡែក ងាកមកយក្សអាស៊ីឥណ្ឌាវិញម្តង នៅចុងសប្តាហ៍នេះបានធ្វើតេស្តសាកល្បងបាញ់ មីស៊ីលនុយក្លេអ៊ែរដោយជោគជ័យ ចំពេលមានភាពតានតឹងកើនឡើងថ្មីជាមួយចិន។

រដ្ឋមន្ត្រីក្រសួងកិច្ចការសភាឥណ្ឌា លោក Pralhad Joshi បាននិយាយថា មីស៊ីលផ្លោងអន្តរទ្វីប Agni-V ត្រូវបានបាញ់កាលពីថ្ងៃព្រហស្បតិ៍ទី ១៥ ខែធ្នូ ដោយជោគជ័យចេញពីកោះ Abdul Kalam ក្នុងរដ្ឋ Odisha ភាគខាងកើតនៃប្រទេស។ លោក Joshi បាន​សរសេរ​លើ Twitter ដោយ​លើក​ឡើង​ថា​៖ “​កាំជ្រួច​នេះ​នឹង​បន្ថែម​តម្លៃ​ដ៏​អស្ចារ្យ​ដល់​វិស័យ​ការពារជាតិ និង​ពង្រឹង​សន្តិសុខ​ជាតិ​ក្នុង​កម្រិត​កាន់តែ​ខ្លាំងបន្ថែមទៀត”។ នៅក្នុងការធ្វើតេស្តនេះ សារព័ត៌មានឥណ្ឌាក៏បាននិយាយថា អាជ្ញាធរឥណ្ឌាបាន ចេញសេចក្តីជូនដំណឹងរួចរាល់ និងបានប្រកាសបិទការហោះហើរតាមឆ្នេរសមុទ្រ Bengal  ខណៈមីស៊ីលនេះអាចបាញ់គ្របដណ្តប់ស្ទើរតែទាំងអស់នៃប្រទេសចិនដីគោក។

ការបាញ់នេះ បានកើតឡើងចំពេលដែលមានភាពតានតឹងថ្មីប៉ះទង្គិចគ្នាកើនឡើងនៅព្រំដែន ភ្នំហិមាល័យ ជាមួយប្រទេសចិននៅខែធ្នូនេះ ទោះបីរដ្ឋមន្ត្រីការពារជាតិឥណ្ឌា Rajnath Singh បាននិយាយថា គ្មានទាហានឥណ្ឌាណាម្នាក់រងរបួសធ្ងន់ធ្ងរ ហើយកងទ័ពទាំងសងខាង បានដកខ្លួនចេញពីតំបន់នោះហើយក៏ដោយ៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា