អន្តរជាតិ

អ៊ុយក្រែនត្រូវការរថក្រោះរាប់រយគ្រឿងបន្ថែម ខណៈរុស្ស៊ីកំពុងរៀបចំវាយប្រហារដើមឆ្នាំ២០២៣

អ៊ុយក្រែននិយាយថា ត្រូវការរថក្រោះនិងកាំភ្លើងធំរាប់រយគ្រឿងបន្ថែមទៀត ដោយលើកឡើងថា រុស្ស៊ីកំពុងរៀបចំការវាយលុកថ្មីនៅដើមឆ្នាំ២០២៣ខាងមុខហើយ។

យោងតាមបទសម្ភាសន៍ជាមួយកាសែត The Economist ចេញផ្សាយនៅថ្ងៃសុក្រនេះ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោកឧត្តមសេនីយ៍ Valeriy Zaluzhnyi បានរំពឹងថានឹងមានការវាយប្រហារថ្មីរបស់រុស្ស៊ីមកលើទូទាំងទីក្រុង ពិសេសលើរដ្ឋធានី Kyiv នៅដើមឆ្នាំ២០២៣យ៉ាងពិតប្រាកដ។ មន្រ្តីយោធារូបនេះ បានវាយតម្លៃយ៉ាងជឿជាក់ រហូតបានបញ្ជាក់ឲ្យដឹងទៀតថា “ជនជាតិរុស្ស៊ីកំពុងរៀបចំកងទ័ពថ្មីប្រហែល ២០០.០០០នាក់សម្រាប់ការវាយលុកទ្រង់ទ្រាយធំ”។

បើទោះជាយ៉ាងណា  Zaluzhnyi បានមានប្រសាសន៍ថា លោកមិនភ័យ ហើយក៏មិនខ្លាចរុស្ស៊ីដែរ ឲ្យតែមានធនធាននិងអាវុធគ្រប់គ្រាន់។ លោកថា “ខ្ញុំដឹងច្បាស់ណាស់ ខ្ញុំអាចយកឈ្នះរុស្ស៊ីបាន”។ “ប៉ុន្តែខ្ញុំត្រូវការធនធាន។ ខ្ញុំ​ត្រូវ​ការ​រថក្រោះ ៣០០ គ្រឿង, រថពាសដែក ៦០០-៧០០ គ្រឿង និងកាំភ្លើងធំ ៥០០ គ្រឿង”។ ជុំវិញការអំពាវនាវនេះ មិនទាន់មានប្រភពណាចេញមុខផ្តល់ជូនភ្លាមៗនោះទេ។ ប៉ុន្តែ សហរដ្ឋអាម៉េរិកជាបឋមកាលពីថ្ងៃព្រហស្បតិ៍បានសន្យាថា នឹងបង្កើនការហ្វឹកហ្វឺនទាហានអ៊ុយក្រែន៥០០នាក់ជារៀងរាល់ខែនៅក្នុងប្រទេសអាល្លឺម៉ង់  រួមមានទាំងការបង្វឹកប្រើអាវុធទៀតផង៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា