អន្តរជាតិ

ហ្សេឡិនស្គីអង្វរសម្ព័ន្ធអឺរ៉ុបសម្រាប់កញ្ចប់ជំនួយកម្ចីជិត២០ពាន់លានដុល្លារ

ទីបំផុតប៉ូឡូញបានសម្រេចដកការវេតូជំទាស់លើកញ្ចប់កម្ចីជំនួយរាប់ពាន់លានដុល្លាររួមគ្នាជាមួយសហភាពអឺរ៉ុបទៅកាន់ប្រទេសអ៊ុយក្រែនហើយ ក្រោយហ្សេឡិនស្គីហាមាត់សុំអង្វរករយ៉ាងខ្លាំង។

កាលពីថ្ងៃព្រហស្បតិ៍ ទី ១៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានចេញមុខនិយាយស្នើសុំអង្វរគួរឲ្យអាណិតទៅកាន់សម្ព័ន្ធមិត្តនៃសហភាពអឺរ៉ុបរបស់ខ្លួនទាំងអស់ ពិសេសប៉ូឡូញ ជុំវិញការអនុគ្រោះបើកចិត្តទូលាយរួមគ្នាយល់ព្រមលើការផ្តល់កញ្ចប់ជំនួយ​ជាច្រើនពាន់លានដុល្លារចុងក្រោយដល់អ៊ុយក្រែន។ កញ្ចប់កម្ចីពិសេសនេះមានទំហំលុយសុទ្ធប្រមាណ ១៨ពាន់លានអឺរ៉ូ (១៩,១៦ ពាន់លានដុល្លារ) ដើម្បីផ្តល់ជូនអ៊ុយក្រែនសម្រាប់ឆ្នាំ២០២៣ ដែលជាការប្តេជ្ញាចិត្ត​របស់ប្លុក។ ក្នុងសម្រង់សំដីដោយអាល់ចាហ្សេរ៉ា ហ្សេឡិនស្គីបាននិយាយថា “ខ្ញុំកំពុងស្នើសុំអ្នកយ៉ាងខ្លាំង ស្នើសុំក៏ដើម្បីតែការតស៊ូរបស់យើង ក៏ដើម្បីសន្តិភាពសម្រាប់អ៊ុយក្រែន និងសម្រាប់អឺរ៉ុបទាំងមូល សុំកុំមានការយល់ច្រឡំ និងភាពចម្រូងចម្រាសរវាងរដ្ឋសមាជិកសហភាពអឺរ៉ុប​មួយចំនួនឲ្យសោះ”។

យោងតាមប្រភពខាងលើបានឲ្យដឹងថា ប្រទេសជាសមាជិកសហភាពអឺរ៉ុបគ្រោងនឹងអនុម័តកិច្​ចព្រមព្រៀង​កញ្ចប់កម្ចីជំនួយនេះតាំងពីថ្ងៃទី ១៤ ខែធ្នូមកម្ល៉េះ ប៉ុន្តែប្រទេស  ប៉ូឡូញបានស្នើសុំឱ្យ​មានការពន្យារពេលកំណត់ដើម្បីពិភាក្សាឲ្យគ្រប់ជ្រុងជ្រោយ ទន្ទឹមនឹងមានបញ្ហារំខានបន្តិចបន្តួច​ពីភាគីហុងគ្រីទៀតផងនោះ ទោះយ៉ាងណាក្រោយមក ក្រុមមន្រ្តីការទូតបានប្រាប់ថា ការវេតូរបស់ប៉ូឡូញត្រូវបានទម្លាក់ចោលហើយ។ ទាក់ទងនឹងការសងវិញ មូលនិធិនេះនឹងទុកឲ្យ​រយៈពេលអតិបរមា ៣៥ ឆ្នាំ ចាប់ផ្តើមសងពីឆ្នាំ ២០៣៣៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា