សន្ដិសុខសង្គម

រថយន្តស្ទូចបើកលឿនបុកផ្ទះលក់គ្រឿងសមុទ្រ បុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ​៖​រថយន្តស្ទូចបានបើកយ៉ាងលឿន ដល់ផ្លូវបំបែកបួងចង្កូតជ្រុលបុកផ្ទះលក់គ្រឿងសមុទ្រ​និងគ្រឿងក្រអូប បណ្តាលឱ្យខូចខាតយ៉ាងដំណំ និងបុរសម្នាក់រងរបួសធ្ងន់។ គ្រោះថ្នាក់ចរចរនេះ​បានកើតឡើងនៅភូមិត្រពាំងក្រសាំង ​សង្កាត់បឹងធំ​ ខណ្ឌកំបូល កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ។

អ្នកភូមិបានឱ្យដឹងថា​ មុនកើតហេតុ គេឃើញរថយន្តស្ទូចផ្លាកលេខភ្នំពេញ3C-1526 បើកតាមផ្លូវបេតុង​ពីជើងទៅត្បូងក្នុងល្បឿនលឿន។មកដល់ផ្លូវបំបែកជាបួនបួងចង្កូតទៅម្ខាងផ្លូវ ក៏ជ្រុលទៅបុកផ្ទះលក់​គ្រឿងសមុទ្រនិងផ្ទះលក់គ្រឿងក្រអូបបង្កឱ្យខូចខាតយ៉ាងដំណំ ព្រមទាំងបណ្ដាលឲ្យបុរសម្នាក់​កំពុងអង្គុយលក់គ្រឿងសមុទ្ររងរបួសធ្ងន់។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានឃាត់តៃកុងរថយន្តប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋានបញ្ជូនទៅ​នគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមនីតិវិធី៕ដោយ៖វិចិត្រ