សន្ដិសុខសង្គម

រថយន្តបើកឆ្លងផ្លូវម៉ូតូបុកពីចំហៀង មនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់

ភ្នំពេញ​៖​រថយន្តម៉ាកឡង់គ្រីស័រពណ៌ខ្មៅ ផ្លាកលេខរដ្ឋបានបើកឆ្លងផ្លូវ ម៉ូតូមកបុកពីចំហៀងពេញ​ទំហឹងបណ្តាលឱ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ត្រូវដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅ​ច្រកចូលមន្ទីរពេទ្យពោធិ៍ចិនតុង ​តាមមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែធ្នូ។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា​ ដំបូងរថយន្តម៉ាកឡង់គ្រីស័រ ​ផ្លាករដ្ឋ​16​-02-0454 ​បើក តាមផ្លូវសហព័ន្ធរុស្ស៊ីពីលិចទៅកើត។មកដល់កន្លែងខាងលើក៏បត់ឆ្លងផ្លូវចូលច្រកមន្ទីរពេទ្យ ពោធិ៍ចិនតុង ស្រាប់តែមានម៉ូតូហុងដាឌ្រីមផ្លាកលេខសៀមរាប1S 4712 ជិះឌុបគ្នាក្នុងល្បឿន​លឿនបុកពីចំហៀងរថយន្តពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់។

ជនរងគ្រោះត្រូវបានរថយន្តដឹកទៅមន្ទីរពេទ្យភ្លាមៗ។ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយក​ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ