អន្តរជាតិ

មនុស្ស១៦នាក់ស្លាប់, ១៧នាក់បាត់ខ្លួនក្នុងការបាក់ដីនៅម៉ាឡេស៊ីថ្ងៃសុក្រនេះ

មនុស្សយ៉ាងហោចណាស់១៦នាក់បានស្លាប់ និង១៧នាក់បាត់ខ្លួន ដោយសារគ្រោះរអិលបាក់ដី​តំបន់ភ្នំភាគឦសានរដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NADMA) បានឲ្យដឹងថា គ្រោះថ្នាក់ធម្មជាតិនេះ បានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃសុក្រទី ១៦ ខែធ្នូ ឆ្នាំ២០២២ ក្នុងបរិវេណតំបន់បោះជំរំតំបន់ភ្នំរដ្ឋរដ្ឋ Selangor ភាគឦសាននៃទីក្រុងកូឡាឡាំពួរ ខណៈក្រសួង​រដ្ឋាភិបាល និង​អភិវឌ្ឍន៍​មូលដ្ឋាន​បាន​និយាយ​ថា គិត​ត្រឹម​ម៉ោង ១ រសៀលថ្ងៃដដែល ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ១៦ នាក់ហើយ រីឯ ១៧ នាក់​ទៀតកំពុង​បាត់​ខ្លួនរកមិនឃើញ។

នៅក្នុងការបាក់ដី មនុស្សរងគ្រោះជាច្រើនត្រូវបានទាញចេញពីភក់ និងកម្ទេចកម្ទី  ខណៈមនុស្ស​សរុបនៅកន្លែងកើតហេតុមានចំនួន៩២នាក់។ ឆ្លើយតបជាមួយគ្នា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា គាត់មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មាននៃការបាក់ដីនេះ។ ​លោក​នឹង​ទៅ​មើល​កន្លែង​កើតហេតុដោយផ្ទាល់​នៅ​ថ្ងៃ​សុក្រ។ លោក​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ “សូម​បួងសួង​ដល់​ប្រជាជន​ម៉ាឡេស៊ី ហើយ​សង្ឃឹមថា​បេសកកម្ម​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន​”៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា