សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យម្នាក់ករណីកាប់ជនបរទេស៤នាក់ឱ្យរបួសទៅតុលាការ

កណ្តាល៖កម្លាំងនគរបាលបានបញ្ជូនជនសង្ស័យម្នាក់ជាសមាជិកក្រុមJTK ក្រុម CTនិងក្រុម៦៨ ដែលកាប់ជនជាតិឥណ្ឌូណេស៊ី៤នាក់ឱ្យរងរបួសធ្ងន់ទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា នគរបាលស្រុកកោះធំ បានស្រាវជ្រាវនិងឈានដល់ចាប់ជនសង្ស័យម្នាក់ ឈ្មោះ ប្រុស ថុងប៉ នៅម៉ាតជាប់គល់ស្ពានឆ្លងទន្លេ ភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ជាសមាជិកក្រុមJTK ក្រុមCTនិងក្រុម៦៨។ បន្ទាប់ពីពួកគេមានគ្នា៦នាក់បានព្រួតគ្នាដេញកាប់ទៅលើបុគ្គលិកកាស៊ីណូជនជាតិឥណ្ឌូណេស៊ី៤នាក់ឱ្យរងរបួសធ្ងន់នៅផ្លូវជាតិលេ២១ មុខកាស៊ីណូក្រោនរីសត ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។

ក្រោយចាប់ខ្លួន ជនសង្ស័យបានសារភាពថា ពួកគេទាំង៣ក្រុមមានសមាជិកប្រមាណ៤០នាក់ និងបានដេញវាយ កាប់ចាក់ នៅតំបន់ជ្រៃធំ ក្បែរព្រំដែនចំនួន៥លើករួចមកហើយ។ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនិងបន្តស្រាវជ្រាវស្វែងរកចាប់បក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖វិចិត្រ