សន្ដិសុខសង្គម

ជនបរទេសជួលរថយន្ដខ្មែរប្រើកាំភ្លើងភ្ជង់តៃកុងប្លន់បើកគេចខ្លួនបាត់

ព្រះវិហារ៖ប្រុសចិន ស្រីថៃបានជួលរថយន្ដបុរសខ្មែរជិះពីខេត្តសៀមរាបទៅខេត្តស្ទឹងត្រែង ដល់ស្រុកឆែប ខេត្តព្រះវិហារបានដកកាំភ្លើងខ្លីភ្ជង់តៃកុងប្លន់យករថយន្ដរួចបើកគេចខ្លួនបាត់។ករណីនេះបានកើតឡើងនៅម្តុំព្រៃទទឹង ក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ។

លោកវរសេនីយ៍ឯក ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែបបានឱ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិខ្មែរម្នាក់ត្រូវជនបរទេស២នាក់ ប្រុសចិន​ ស្រីថៃ បានប្រើល្បិចជួលរថយន្តជិះពី ខេត្តសៀមរាបទៅខេត្តស្ទឹងត្រែងក្នុងតម្លៃ២០០ដុល្លារ។ពេលធ្វើដំណើរដល់ស្រុកឆែប ខេត្តព្រះវិហារ ក៏ដកកាំភ្លើងភ្ជង់ប្លន់ម្ចាស់រថយន្តរួចឡើងបើកគេចខ្លួនបាត់តែម្តង។

ជនរងគ្រោះឈ្មោះ អឿន សង់ អាយុ២៥ឆ្នាំ ជាអ្នករត់តាក់ស៊ី នៅភូមិបុរីអូរស្វាយ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សម្ភារដែលបាត់បង់រថយន្តម៉ាក Starex ពណ៌ទឹកប្រាក់ ផ្លាកលេខ2BJ-1101, លុយ១.៥០០ដុល្លារ, លុយខ្មែរ៣០០.០០០រៀល, ឯកសាររថយន្ត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក។

ក្រោយទទួលបណ្តឹង សមត្ថកិច្ចបើកការស៊ើបអង្កេតនិងស្រាវជ្រាវក្នុងករណីនេះដើម្បីចាប់ជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖វិចិត្រ