អន្តរជាតិ

កូរ៉េខាងជើងថាបានធ្វើតេស្តជោគជ័យនូវម៉ាស៊ីនចំហេះឥន្ធនៈរឹង សម្រាប់អាវុធនុយក្លេអ៊ែរថ្មី

កូរ៉េខាងជើងនៅថ្ងៃសុក្រនេះបាននិយាយថា បានធ្វើតេស្តម៉ាស៊ីនចំហេះឥន្ធនៈរឹងថ្មីដោយជោគជ័យ​សម្រាប់បង្កើតអាវុធនុយក្លេអ៊ែរប្រភេទថ្មីបន្ថែមទៀត។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA របស់កូរ៉េខាងជើង បានចុះផ្សាយនៅថ្ងៃសុក្រនេះថា ការសាកល្បងក្រោមការគ្រប់គ្រងដោយមេដឹកនាំគីម ជុងអ៊ុន បានធ្វើឡើងជោគជ័យទៀតហើយ នៅឯកន្លែងបាញ់បង្ហោះផ្កាយរណប Sohae នៃប្រទេស។ ការសាកល្បងលើកនេះ គឺជាការវាស់ស្ទង់នូវ​កម្លាំងម៉ូទ័រម៉ាស៊ីនថ្មី ដើរដោយឥន្ធនៈរឹង សម្រាប់យកទៅបំពាក់ជាមួយ​អាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តថ្មី ដែលមានកម្លាំងខ្លាំង ក្នុងអ្វីដែលហៅថាការអភិវឌ្ឍប្រព័ន្ធអាវុធយុទ្ធសាស្ត្រនៃទំនើបកម្មអាវុធ។

ជុំវិញវឌ្ឍនភាពនៃវិស័យអាវុធរបស់កូរ៉េខាងជើងនេះ  អ្នកជំនាញអន្តរជាតិបានកត់សម្គាល់ថា វានឹងឈានទៅរកការគំរាមកំហែងដល់ពិភពលោក។ យោងតាមសារព័ត៌មានអាល់ចាហ្សេរ៉ា លោក Leif-Eric Easley សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Ewha បាននិយាយថា “ការអះអាងរបស់ទីក្រុងព្យុងយ៉ាង​ក្នុងការសាកល្បងម៉ូទ័រឥន្ធនៈរឹងសម្រាប់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ គឺកំពុងគាំទ្រដល់ការឈ្លានពាន​បន្ថែមទៀតរបស់ពួកគេហើយ ទាំងដែលថ្មីៗនេះបានប្រកាសពីគោលលទ្ធិនៃការប្រើប្រាស់​អាវុធនុយក្លេអ៊ែរយ៉ាងអនាធិបតេយ្យ ប្រសិនបើការដឹកនាំរបស់លោកគីមបន្តបែបនេះ នោះនឹងមានការគំរាមកំហែងនិងគ្រោះថ្នាក់”៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា