សេដ្ឋកិច្ច

កម្ពុជានាំចេញឱសថទៅទីផ្សារក្រៅប្រទេសមានទំហំទឹកប្រាក់១០លានដុល្លារក្នុងមួយឆ្នាំ

ភ្នំពេញ៖កម្ពុជាបាននាំចេញឱសថទៅកាន់ទីផ្សារក្រៅប្រទេសមានទំហំទឹកប្រាក់ប្រមាណ១០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ដែលបានចូលរួមលើកស្ទួយសេដ្ឋកិច្ចកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី «ចក្ខុវិស័យឆ្ពោះទៅកាន់ការអភិវឌ្ឍវិស័យឱសថនៅកម្ពុជា» និងក្នុងឱកាសប្រារព្ធខួបលើកទី៦៣ នៃឱសថបំបាត់ការឈឺចាប់ គីណាល់ នៅព្រឹកថ្ងៃទី១៦ធ្នូនេះ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង អគ្គនាយកនៃសហគ្រាសផលិតឱសថប៉េប៉េអឹម មានប្រសាសន៍ថា នៅប្រទេសកម្ពុជាមានតែក្រុមហ៊ុនមួយប៉ុណ្ណោះដែលបាននាំចេញឱសថទៅកាន់​ទីផ្សារអន្តរជាតិគឺក្រុមហ៊ុនផលិតឱសថ ប៉េប៉េអឹម ដោយក្នុងមួយឆ្នាំៗក្រុមហ៊ុនបាននាំចេញទៅកាន់​ទីផ្សារក្នុងទំហំទឹកប្រាក់ប្រមាណ១០លានដុល្លារអាម៉េរិក ហើយទីផ្សារដែលកម្ពុជាបាននាំឱសថចេញ​ទៅនោះភាគច្រើននៅប្រទេសអាហ្វ្រិក និយាយភាសាបារាំង ។

លោកឧកញ៉ាបានបន្តថា ទន្ទឹមនឹងកំណើននៃទីផ្សារឱសថនៅក្នុងប្រទេសកម្ពុជានិងទីផ្សារអន្តរជាតិ ក្រុមហ៊ុនផលិតឱសថរបស់ប៉េប៉េអឹមក៏គ្រោងនឹងពង្រីកការផលិតបន្ថែមទៀត ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ​ទាំងនោះ។ខណៈបច្ចុប្បន្ននេះយើងមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការផលិតឱសថរបស់យើង ពីព្រោះយើងបានសហការជាមួយសាលាបណ្ដុះបណ្ដាលជំនាញវេជ្ជសាស្ត្រជាពិសេសជំនាញឱសថនេះ ។

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ក្នុងរយៈពេលជិត១ឆ្នាំ នៃឆ្នាំ ២០២២នេះ កម្ពុជានាំចេញទំនិញសរុបប្រមាណ២០,៤ពាន់លានដុល្លារអាម៉េរិក ។ក្នុងនោះសហរដ្ឋអាម៉េរិកជាទីផ្សារធំជាងគេសម្រាប់ទំនិញរបស់កម្ពុជា ។ទន្ទឹមនឹងនេះដែរ កម្ពុជាក៏បាននាំចូលទំនិញត្រឡប់មកវិញមានទំហំទឹកប្រាក់ប្រមាណ២៧,៧ពាន់លានដុល្លារអាម៉េរិក សម្រាប់មកបំពេញតម្រូវការប្រើប្រាស់និងការផលិតនៅក្នុងប្រទេសជាពិសេសទំនិញបម្រើក្នុងវិស័យឧស្សាហកម្ម រោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើង យានយន្ត គ្រឿងអេឡិចត្រូនិកជាដើម៕