សន្ដិសុខសង្គម

ប្រទះឃើញគ្រាប់បែកនៅក្បែរណាហ្គាវើល២ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញ៖ស្ត្រីអ្នកសម្អាតសំរាមនៅតាមផ្លូវបានប្រទះឃើញគ្រាប់បែកមួយគ្រាប់នៅក្បែរណាហ្គាវើល២ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អាជ្ញាធររាជធានីនិងមន្ត្រីសា្ថប័នពាក់ព័ន្ធចុះទៅពិនិត្យ។

ភាពភ្ញាក់ផ្អើលបានកើតឡើងនៅលើសួនច្បារក្បែរណាហ្គាវើល២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោង៧ព្រឹក​ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ ក្នុងការប្រទះឃើញ​គ្រាប់បែកនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចុះពិនិត្យផ្ទាល់។ជាមួយនោះក៏មានសមត្ថកិច្ចចម្រុះជាច្រើននាក់ រួមទាំងកម្លាំងជំនាញខាងដោះមីន CMAC ចុះមកដល់ទីតាំងកើតហេតុ រហូតម៉ោងជិត១០ព្រឹកបានបំផ្ទុះគ្រាប់នោះចោលតែម្តង។

តែក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងគ្រោះថ្នាក់ទេ។បន្ទាប់មកសមត្ថកិច្ចជំនាញ​កំពុងបន្ត​ស៊ើបអង្កេតនិងស្វែងរកចាប់ជនល្មើសដែលយកគ្រាប់បែកមកដាក់ក្នុងគោលបំណងអាក្រក់ទៅផ្តន្ទា​ទោសតាមច្បាប់ឱ្យខាងតែបាន៕ដោយ៖វិចិត្រ