អន្តរជាតិ

អ៊ុយក្រែនថាពូទីនគួរតែទទួលស្គាល់ការពិតទៅ ទឹកដីអ៊ុយក្រែនមិនមែនជាផ្នែករុស្ស៊ីទេ

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនហ្សេឡិនស្គី និយាយថា លោកពូទីនគួរតែទទួលស្គាល់ការពិតទៅ ទឹកដីអ៊ុយក្រែនមិនមែនជាផ្នែកនៃរុស្ស៊ីនោះទេ បានត្រឹមតែបាត់បង់កេរ្តិ៍ឈ្មោះប៉ុណ្ណោះ។

លោក Mikhail Podolyak ជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានសរសេរបង្ហោះសារជា​សាធារណៈ​នៅលើបណ្តាញសង្គមធ្វីតធ័រយ៉ាងដូច្នេះថា “វាចាំបាច់សម្រាប់ប្រទេស  រុស្ស៊ី (ជាពិសេសសម្រាប់ពូទីន និង Peskov) ដើម្បីទទួលយកការពិតថ្មី” ។ “មិនមានទឹកដីអ៊ុយក្រែនណាដែលត្រូវបានលួចដាក់ចូល​ក្នុងសហព័ន្ធរុស្ស៊ីជារៀងរហូតនោះទេ។ មាន​តែ​ការ​បាត់​បង់​កេរ្តិ៍​ឈ្មោះ ក្លាយ​ជា​ប្រទេស​បិសាច ការ​ដួលរលំ​យោធា​រុស្ស៊ី ការ​បំផ្លាញ​កងទ័ព ការ​ដាក់​ទណ្ឌកម្ម និង​ការ​មើល​ងាយ​សូម្បី​តែ​ពី CSTO ប៉ុណ្ណោះ”។ CSTO គឺចង់សំដៅទៅលើអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ដែលជាសម្ព័ន្ធមិត្តយោធា​ដឹកនាំដោយ​រុស្ស៊ីរបស់អតីតសាធារណរដ្ឋសូវៀត។

មិនមានការឆ្លើយតបពីរុស្ស៊ីទេ តែសារបានកើតឡើងក្រោយវិមានក្រឹមឡាំងបាននិយាយកាលពី​ថ្ងៃអង្គារថាអ៊ុយក្រែនត្រូវតែទទួលយក “ការពិត” ថ្មីទាក់ទងនឹងការបញ្ចូលខុសច្បាប់របស់​ទីក្រុងមូស្គូនៃតំបន់អ៊ុយក្រែនចំនួនបួន ប្រសិនបើខ្លួនចង់ពិភាក្សាកិច្ចព្រមព្រៀងសន្តិភាព។ ចំពោះតំបន់បួនដែលបានដាក់បញ្ចូល ត្រូវបានរុស្ស៊ីធ្វើប្រជាមតិនាពេលកន្លងទៅរួមមាន​ខេត្តពីរនៃឧបទ្វីបដុនបាស គឺ លូហាន់ និងដូណេត ដែនដីឧស្សាហកម្មនុយក្លេអ៊ែរ Zaporizha និងតំបន់កំពង់ផែឃើសនភាគខាងត្បូង។ តែតំបន់ឃើសនត្រូវបានអ៊ុយក្រែនរំដោះ​យកបាន​មកវិញហើយ៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា