អន្តរជាតិ

ហ្សេឡិនស្គីហៅទូរសព្ទទៅអង្គការ សហប្រជាជាតិសុំកម្លាំងជំនាញតភ្ជាប់អគ្គិសនី

ប្រធានាធិបតីអ៊ុយក្រែន ហ្សេឡិនស្គី បានចុចទូរសព្ទហៅទៅកាន់អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​កាលពីថ្ងៃទី១៤ ខែធ្នូ ដើម្បីសុំកម្លាំងជំនាញចូលរួមជួយតភ្ជាប់បណ្តាញអគ្គិសនីក្នុងប្រទេស។

យោងតាមកាសែតអ៊ុយក្រែនប្រាវដា បានឲ្យដឹងថា កិច្ចសន្ទនារវាងលោកហ្សេឡិនស្គីមេដឹកនាំអ៊ុយក្រែន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានធ្វើឡើងយ៉ាងជិតស្និទ្ធ ត្រង់ទៅ​ត្រង់មក ខណៈហ្សេឡិនស្គី បានរៀបរាប់ពីផលវិបាករបស់ខ្លួនទាក់ទងនឹងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ដែលត្រូវរុស្ស៊ីវាយប្រហារខូចខាតយ៉ាងដំណំ ព្រមទាំងបានថ្លែងអំណរគុណអំពីការជួយជ្រោម​ជ្រែងនាំចេញធញ្ញជាតិរបស់ខ្លួនទៅកាន់ទីផ្សាអន្តរជាតិផងដែរ។

តាមរយៈសម្រង់សំដី លោកស្គីបាននិយាយថា “ខ្ញុំបានពិភាក្សាដ៏សំខាន់មួយជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Guterres នៅថ្ងៃនេះ។ ខ្ញុំបានអរគុណគាត់សម្រាប់ការបន្តការគាំទ្ររបស់លោក​សម្រាប់អ៊ុយក្រែន និងច្បាប់អន្តរជាតិ សម្រាប់ជំនួយដ៏មានប្រសិទ្ធភាពរបស់គាត់ក្នុងការអនុវត្ត​គំនិតផ្តួចផ្តើម​នាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន” ។ “បច្ចុប្បន្នយើងកំពុងធ្វើការដើម្បីរៀបចំបេសកកម្ម​មួយ​ទៀតជាមួយនឹងអន្តរជាតិទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនៅក្នុងប្រទេស​របស់យើង។ ខ្ញុំ​ជឿ​ថា ការចូលរួមនឹងនាំមកនូវជោគជ័យបន្ថែមទៀត”។

ចាប់តាំងពីមានការ​វាយ​ប្រហារពីរុស្ស៊ីខ្លាំងនៅខែតុលាមក ហេដ្ឋរចនាសម្ព័ន្ធអ៊ុយក្រែន​ត្រូវបានខូចខាតជាបន្តបន្ទាប់ខូចជាប់ៗគ្នា ទោះត្រូវបានស្តារឡើងវិញបានច្រើនក៏ដោយ៕

ប្រភព៖ ​ UKRIANSKA PRAVDA

ប្រភពរូប៖UKRIANSKA PRAVDA
ប្រែសម្រួល៖សុខ តុលា