អន្តរជាតិ

សហភាពអឺរ៉ុបសន្យាវិនិយោគ ១០ ពាន់លានដុល្លារសម្រាប់អាស៊ីអាគ្នេយ៍

សហភាពអឺរ៉ុបសន្យាថានឹងបោះប្រាក់វិនិយោគប្រមាណ១០ពាន់លានដុល្លារនៅអាស៊ីអាគ្នេយ៍ ដើម្បីប្រកួតប្រជែងឥទ្ធិពលមហាអំណាចចិនដែលកំពុងកើនឡើង។

ក្នុងអំឡុងកិច្ចប្រជុំក្របខ័ណ្ឌសហភាពអឺរ៉ុប និងអាស៊ាននៅទីក្រុងព្រុចស៊ែល កាលពីថ្ងៃពុធទី១៤ ខែធ្នូ ឆ្នាំ២០២២ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់មេដឹកនាំនៃភាគី​ចូលរួម​ទាំងអស់យ៉ាងដូច្នេះ ដើម្បីជាការប្តេជ្ញាចិត្តជាមួយសមាគមអាស៊ាន ទោះបច្ចុប្បន្នស្ថានភាព​ពិភពលោកកំពុងអស្ថិរភាព ដោយសារវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ពិសេសការកើនឡើង​ឥទ្ធិពលមហាយក្សចិនក៏ដោយ។ លោកស្រីថា សហភាពអឺរ៉ុបនឹងធ្វើការវិនិយោគជាមួយអាស៊ានចំនួន ១០ពាន់លានដុល្លារ។ លោកស្រីបន្តថា  “ទោះយើងនៅចម្ងាយឆ្ងាយ ច្រើនម៉ាយពីគ្នាប៉ុនណាក៏ដោយ ប៉ុន្តែនៅតែមានតម្លៃដ៏សំខាន់ដែលបង្រួបបង្រួមយើង” ។

សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំ​ បានលើកឡើងថា សហភាពអឺរ៉ុបមានបំណងចង់ដាក់ខ្លួនជាដៃគូ​ដែលអាចទុកចិត្តបានសម្រាប់សេដ្ឋកិច្ចរស់រវើកក្នុងតំបន់ ចំពេលមានការប្រកួតប្រជែងកាន់តែ​ខ្លាំងឡើងរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន។ លើសពីនេះ ក៏បានសង្កត់ធ្ងន់លើសារសំខាន់​នៃសន្តិភាពនៅសមុទ្រចិនខាងត្បូង ដែលចិនបានបង្កើតមូលដ្ឋានយោធា និងការដំឡើងនៅលើកោះ​សិប្បនិម្មិត និងថ្មដុះផងដែរ៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា