អន្តរជាតិ

រុស្ស៊ីត្រៀមមីស៊ីលនុយក្លេអ៊ែររួចរាល់ដែលមាន សមត្ថភាពវាយប្រហារអាម៉េរិក និងអង់គ្លេស

រុស្ស៊ីបញ្ចេញវីដេអូគំរាមប្រើនុយក្លេអ៊ែរធំបំផុតនៅសប្តាហ៍នេះ ខណៈមានសមត្ថភាពសាហាវ​ទ្រង់ទ្រាយធំ​អាចវាយប្រហារទាំងសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស។

យោងតាមវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដោយកាសែតរុស្ស៊ី Komsomolskaya Pravda បានបង្ហាញពីការដំឡើងរ៉ុក្កែតនុយក្លេអ៊ែរ Yars ដ៏ធំរបស់រុស្ស៊ីចូលទៅក្នុងឃ្លាំងនៅឯបរិវេណយោធា Kozelsk ក្នុងតំបន់ Kaluga ភាគនិរតីនៃទីក្រុងមូស្គូ។ មីស៊ីលផ្លោងឆ្លងទ្វីបនេះត្រូវបានរាយការណ៍​ពន្យល់ជា​សាធារណៈថា អាចបាញ់បានក្នុងរយៈចម្ងាយ ៧.៥០០ ម៉ាយ ស្មើនឹងប្រហែល​១២.០៧០គីឡូម៉ែត្រ ពោលគឺជាគ្រាប់បែកបំផ្លាញលោកមហិមាខ្លាំងជាង ១២ដងនៃគ្រាប់បែកអាម៉េរិក​ដែលបានទម្លាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាជប៉ុនទៅទៀត។ យោងតាមប្រភពដដែល ការដាក់បង្ហាញនេះ គឺធ្វើឡើងដើម្បីបង្ហាញអាវុធបរិមាណូជាតិ នៅមុនថ្ងៃទិវាមីស៊ីលយុទ្ធសាស្ត្រប្រចាំឆ្នាំរុស្ស៊ី នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នំា២០២២ ខាងមុខនេះ។

មេបញ្ជាការទទួលបន្ទុកកម្លាំងមីស៊ីលរុស្ស៊ី លោក Alexi Sokolov បាននិយាយជាមួយគ្នាថា សមយុទ្ធចុងក្រោយនេះ គឺចង់ផ្ញើសារទៅកាន់លោកខាងលិច រាប់ចាប់ពីសហរដ្ឋអាម៉េរិក និងអឺរ៉ុប។ លោកបានមានប្រសាសន៍ថា “សារសំខាន់នៃប្រតិបត្តិការនេះ គឺស្ថិតនៅលើការពិតដែលថា កាំជ្រួចនេះនឹងត្រូវដាក់ឱ្យបំពេញកាតព្វកិច្ចប្រយុទ្ធតាមកាលវិភាគ។ មាតុភូមិនឹងត្រូវបានការពារ ដើម្បីអាចដោះស្រាយកិច្ចការនៅកម្រិតយុទ្ធសាស្ត្រណាមួយ”៕

ប្រភព៖ ​ The New York Post

ប្រភពរូប៖ The New York Post
ប្រែសម្រួល៖សុខ តុលា