សន្ដិសុខសង្គម

រថយន្តបុករះម៉ូតូរ៉ឺម៉កនិងម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ស្វាយរៀង៖គ្រោះថ្នាក់ចរាចរដោយរថយន្តម៉ាក Mercedes បុកម៉ូតូសណ្តោងរ៉ឺម៉កនិងម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង កាលពីវេលាទៀបភ្លឺថ្ងៃទី១៥ ខែធ្នូ។

មន្ត្រីនគរបាលក្រុងបានឱ្យដឹងថា  អ្នកស្លាប់មិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខស្វាយរៀង 1H-4755 រងការខូចខាតខ្ទេចខ្ទី។ ចំណែកអ្នកបើកម៉ូតូរ៉ឺម៉កឈ្មោះនូ ស៊ុង  អាយុ៥៨ឆ្នាំ នៅក្រុងស្វាយរៀង រងរបួសធ្ងន់។រីឯរថយន្តម៉ាក Mercedes ផ្លាកលេខ ភ្នំពេញ 2BI-1531ក្រោយមកអ្នកបើកបរបានចុះរត់គេចខ្លួនបាត់។

មុនកើតហេតុ រថយន្តបើកលើផ្លូវជាតិលេខ១ ស្រាប់តែមានម៉ូតូសណ្តោង​រ៉ឺម៉កមកពីមុខក៏បុកគ្នា រួចរថយន្តបន្តបុកម៉ូតូ១គ្រឿងទៀតពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ក្រោយមកសមត្ថកិច្ចបានចុះពិនិត្យនិងយកមធ្យោបាយទាំង៣គ្រឿងទៅរក្សាទុកនៅនគរបាលចរាចរណ៍ខេត្ត ហើយបន្តស្វែងរកចាប់តៃកុងយកមកដោះស្រាយតាមច្បាប់៕ដោយ៖វិចិត្រ