អន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរុស្ស៊ី ហោះល្បាតលើសមុទ្រជប៉ុន៧ម៉ោង

រុស្ស៊ីថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរបស់ខ្លួនពីរគ្រឿងកាលពីថ្ងៃពុធម្សិលមិញនេះ បានហោះល្បាតលើសមុទ្រជប៉ុនរយៈពេល៧ម៉ោង ស្របទៅច្បាប់អន្តរជាតិ។

យោងតាមសារព័ត៌មានរ៉យទ័រ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ដូច្នេះពិតប្រាកដមែន ក្នុងគោលបំណងដើម្បីចង់បញ្ជាក់ថា ទោះបីជាក្នុងពេលដ៏សែនមមាញឹកជាប់រវល់ធ្វើ​ប្រតិបត្តិការសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ រុស្ស៊ីនៅតែអាចឆ្លៀតពេលធ្វើសមយុទ្ធល្បាតសមុទ្រ​ទៀងទាត់ដូចសព្វដងមិនប្រែប្រួល។ ក្រសួងបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកដែលមាន​សមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ Tu-95 ២គ្រឿង និងកាំជ្រួចមីស៊ីលឆ្លងទ្វីប ត្រូវបានអមដោយ​យន្តហោះ​ចម្បាំង SU-class ហោះរួមគ្នាល្បាតលើសមុទ្រជប៉ុនរយៈពេល ៧ម៉ោងជាប់ ដើម្បីត្រួតពិនិត្យ​ភាពមិនប្រក្រតីណាមួយក្នុងដែនទឹកអព្យាក្រឹត។

ក្រសួងក៏បានបញ្ជាក់ទៀតថា ការហោះហើរនេះមិនបានរំលោភបំពានភាគីណាមួយទេ ពោលគឺអនុលោមតាមច្បាប់ដែនអាកាសអន្តរជាតិ និងជាផ្នែកមួយនៃការហោះហើរទៀងទាត់ លើអ្វីដែលគេហៅថា ដែនទឹកអព្យាក្រឹតនៃសមុទ្រអាកទិក អាត្លង់ទិកខាងជើង សមុទ្រខ្មៅ និងបាល់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក។ ជុំវិញដំណឹងនេះ មិនទាន់មានភាគីណាមួយចេញមតិចម្រូងចម្រាស​នៅឡើយទេ៕

ប្រភព៖ ​ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា