សន្ដិសុខសង្គម

បញ្ជូនបុរសម្នាក់បន្លំពិនិត្យជំងឺច្របាច់កគ្រូពេទ្យប៉ងប្លន់ទៅតុលាការ

កណ្តាល៖បុរសម្នាក់បានប្រើល្បិចចូលពិនិត្យជំងឺ គ្រូពេទ្យភ្លេចខ្លួនចាប់ច្របាច់កប្លន់ ត្រូវពលរដ្ឋចាប់ឱ្យសមត្ថកិច្ច ហើយបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែធ្នូ ជនសង្ស័យបន្លំធ្វើជាអ្នកជំងឺ ហើយលួចកាបូបនិងប្លន់គ្រូពេទ្យនៅគ្លីនិកចំនួន២ ក្នុងឃុំបាគូនិងឃុំព្រែកស្លែង ត្រូវកម្លាំងជំនាញចាប់បាននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ជនសង្ស័យឈ្មោះ ពៅ សុភ័ក្រ្ត អាយុ ២៥ ឆ្នាំ នៅ ស្រុកបាទី ខេត្តតាកែវ។

ចំណែកអ្នកគ្រូពេទ្យរងគ្រោះទាំង២នាក់ ឈ្មោះ ហង់ កែវកណ្ណិកា អាយុ៣៤ឆ្នាំ នៅឃុំបាគូ និងឈ្មោះហេង វាសនា អាយុ៣០ឆ្នាំ នៅឃុំព្រែកស្លែង ។មុនកើតហេតុ ជនសង្ស័យបានជិះម៉ូតូ ចូលពិនិត្យជំងឺនៅបន្ទប់ពិព្រោះនិងព្យាបាលជំងឺ“សានសុវណ្ណ”រួចគ្រូពេទ្យប្រាប់ថា រូបគេលើសឈាម។

បន្ទាប់មកជនសង្ស័យក៏បន្លំលួចកាបូប របស់គ្រូពេទ្យជិះម៉ូតូគេចខ្លួនដល់​ខ្នងប្រឡាយ ស្រុកបាទីក៏ឈប់​ឆែកកាបូបមើលមិនមានលុយក៏បោះចោលក្នុងព្រៃ។ នៅរសៀលថ្ងៃដដែល រូបគេបានជិះម៉ូតូចូលបន្ទប់ពិគ្រោះជំងឺទូទៅមួយទៀតយីហោ “ហេងវាសនា” ក្នុងឃុំព្រែកស្លែងឱ្យពេទ្យពិនិត្យជំងឺ។

ពេលនោះជនសង្ស័យបានស្ទុះទៅក្រៀកច្របាច់កនិងយកដៃខ្ទប់មាត់គ្រូពេទ្យ បោកផ្តួលទៅនឹងដី បំណងប្លន់យកលុយ ទូរសព្ទ។ ប៉ុន្តែជនរងគ្រោះព្យាយាមរើបម្រះ ខាំដៃជនសង្ស័យជាប់ ធ្វើឱ្យជនសង្ស័យលែង ហើយបម្រុងរត់គេច តែត្រូវអ្នកជិតខាងជួយដេញចាប់បាននាំទៅនគរបាល​ស្រុកកណ្តាលស្ទឹងតែម្តង ៕ដោយ៖វិចិត្រ