សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៣នាក់ប៉ុនប៉ងមនុស្សឃាតទៅតុលាការ

ក្រចេះ៖កម្លាំងនគរបាលក្រុងក្រចេះ បានចាប់ជនជនសង្ស័យ៣នាក់ ករណីប៉ុនប៉ងមនុស្សឃាតនិង​បំផ្លាញទ្រព្យ​អ្នកដទៃ ហើយត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ មានជនសង្ស័យ៣នាក់ចេញពី​មើលល្ខោននៅវត្តបានដេញកាប់គូទំនាស់នៅមុខសាលាក្រុងក្រចេះ សង្កាត់អូរឫស្សី ខេត្តក្រចេះ ត្រូវកម្លាំងនគរបាលក្រុងចេញអន្តរាគមន៍ចាប់បាន៣នាក់។

ជនសង្ស័យទាំង៣នាក់មានឈ្មោះស្រាង អេ អាយុ១៤ឆ្នាំ នៅភូមិអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ឈ្មោះ ភាព សុផៃ អាយុ១៦ឆ្នាំ នៅភូមិក្រចេះ ក្រុងក្រចេះ និងឈ្មោះ សេង វ៉ាខេង អាយុ១៨ឆ្នាំនៅ ភូមិអូរគគីរ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ពួកគេជិះម៉ូតូដេញតាមពីក្រោយ ម៉ូតូជនរងគ្រោះ​ដោយមាន​កាន់កាំបិតផ្គាក់១ផង។

មកដល់មុខសាលាក្រុងក្រចេះបានកាប់លើជនរងគ្រោះតែមិនចំដោយគេចផុត ហើយក៏ផ្ដួលម៉ូតូ​រត់គេចខ្លួន។ពេលនោះក្រុមជនសង្ស័យបានយកកាំបិតផ្គាក់កាប់លើម៉ូតូជនរងគ្រោះបណ្តាលឱ្យ​ខូចស្ទើរទាំងស្រុង។ក្រោយមកកម្លាំងនគរបាលបានចាប់ក្រុមជនសង្ស័យយកទៅកសាង​សំណុំរឿងត្រៀមបញ្ជូនទៅតុលាការ៕ដោយ៖វិចិត្រ