សន្ដិសុខសង្គម

ឈរកិនទឹកអំពៅខ្យល់ប៉ើងសក់ចូលម៉ាស៊ីនបោចសក់អស់សល់តែលលាដ៍ក្បាល

ក្រចេះ៖ ស្ត្រីម្នាក់ត្រូវដឹកទៅមន្ទីរពេទ្យខេត្តស្ទឹងត្រែងដើម្បីជួយសង្គ្រោះ បន្ទាប់ពីឈរកិនទឹកអំពៅ​ខ្យល់ប៉ើងសក់ចូលក្នុងម៉ាស៊ីនទឹកអំពៅនោះ ហើយបោចសក់អស់នៅសល់តែលលាដ៍ក្បាល ។ហេតុការណ៍នេះបានកើតឡើងនៅភូមិឧបសម្ព័ន្ធអូរអំពៅ ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ។

ក្រុមគ្រួសារបានបន្តថា ដោយសារការធ្វេសប្រហែសមិនបានរៀបចំខ្លួនត្រឹមត្រូវ ហើយបង្កឱ្យមាន​គ្រោះថ្នាក់របួសទាំងដៃឆ្វេងម្ខាងផងនិងសក់ក្បាលរមូរចូលក្នុងម៉ាស៊ីនកិនទឹកអំពៅទាំងអស់តែម្តង។

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា គ្រោះថ្នាក់នេះ​មានស្ថានភាពធ្ងន់ធ្ងរ មិនអាចទុកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនេះបានទេ។ស្ថានភាពគ្រោះថ្នាក់នេះ​លោកបានរៀបចំឯកសារបញ្ជូនទៅពេទ្យនៅរាជធានីភ្នំពេញ។ តែក្រុមគ្រួសារបានស្នើសុំឱ្យជួយបញ្ជូនទៅពេទ្យប្រទេសវៀតណាមតាមច្រកអន្តរជាតិត្រពាំងខ្លុងខេត្តត្បូងឃ្មុំវិញ៕

ដោយ៖សុខុម