សន្ដិសុខសង្គម

ចាប់ចិន៧នាក់​ករណីបង្ខាំងមនុស្សជំរិត ទារប្រាក់នៅក្រុងព្រះសីហនុ

ខេត្ត​ព្រះសីហ​នុ៖ កម្លាំងនគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនក្រុមជនជាតិចិនចំនួន៧នាក់ជា បន្តបន្ទាប់ ករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់នៅក្រុងព្រះសីហនុ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបាន​ឱ្យ​អ្នកសារព័ត៌មានដឹង​ថ្ងៃទី​១៤​ ខែធ្នូ​ថា នគរបាលខេត្តព្រះសីហនុ បានចុះប្រតិបត្តិការចាប់ ជនជាតិចិន៧នាក់ពាក់ព័ន្ធបង្ខាំងមនុស្សជំរិតទារប្រាក់,ប្រើប្រាស់អាវុធខុសច្បាប់និងវត្ថុតាងពាក់ព័ន្ធបទល្មើសជាច្រើន។

​ បន្ទាប់ពីសមត្ថកិច្ចបានទទួលបណ្តឹងពីស្ត្រីជនជាតិចិនម្នាក់កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ដោយបានរាយការណ៍តាមរយៈទូរសព្ទហតឡាញនៃនគរបាលខេត្តថា មិត្តភក្តិរបស់គាត់ម្នាក់ត្រូវបាន គេចាប់ជំរិតពីភ្នំពេញមកខេត្តព្រះសីហនុ។ជនសង្ស័យប្រើរថយន្តម៉ាក Alphard ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BQ-6785 ។

ដោយមានការចូលរួមសហការពីម្ចាស់សណ្ឋាគារ ហឺលី សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបុរស ចិនម្នាក់និងរកឃើញវត្ថុតាងអាវុធខ្លី២ដើម, ខ្នោះដៃ,ដំបងឆក់, ស្ព្រាយឧស្ម័នបង្ហូរទឹកភ្នែក, ស្កុតរុំ ។ដោយជនសង្ស័យម្នាក់នោះឱ្យដឹងបន្ថែម ជំនាញបន្តស្រាវជ្រាវឃាត់ខ្លួនបាន៥នាក់ទៀតនៅសណ្ឋាគារ លិថាងលិងឆឹង ក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុ។

ថ្ងៃទី១១ ខែធ្នូ ចាប់បានម្នាក់ទៀតដោយជនសង្ស័យលាក់ខ្លួនក្នុងបន្ទប់ជួលមួយក្នុងក្រុងព្រះសីហនុ។ក្នុងនោះមានរថយន្តម៉ាក Alphard ជាមធ្យោបាយចាប់ជនរងគ្រោះមកចតទុកចោលនៅម្តុំទីតាំង ខាងលើ។ចំណែកសម្ភារចាប់បាន អាវុធខ្លី២ដើម, ខ្នោះដៃ៥គូ, សោខ្នោះ៤, ស្រោមខ្នោះ១, ដំបងឆក់៥គ្រឿង, ស្ព្រាយឧស្ម័នបង្ហូរទឹកភ្នែក៣ដប, ស្កុតរុំ២ដុំ, លិខិតឆ្លងដែន២ក្បាលនិងរថយន្តម៉ាក Alphard ២គ្រឿង៕ដោយ៖វិចិត្រ