កីឡា

Messi សាទរ​ចរិត​របស់​កីឡាករអាហ្សង់ទីន ក្រោយបាន​​ឡើង​វគ្គផ្ដាច់ព្រ័ត្រ នៅ World Cup

កីឡាករ Lionel Messi ដែល​ពេញ​ដោយ​ក្ដី​រីករាយ បាននិយាយ​សាទរ ចំពោះចរិត​ដ៏​រឹង​មាំ​​របស់ក្រុមខ្លួន បន្ទាប់ពីរូប​គេបានធ្វើ​តួនាទី​យ៉ាង​ប្រសើរ ក្នុងជ័យជម្នះ ៣-០ លើ​ក្រុម​ក្រូអាស៊ី សម្រាប់​ការ​ប្រកួតនៅ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍ World Cup 2022 កាលពីថ្ងៃអង្គារ ។

កីឡាករ Messi ជាអ្នក​ស៊ុត​គ្រាប់​បាល់​បើកឆាក ដោយ​ការ​ទាត់​បាល់​ពិន័យ ១១ម៉ែត្របាន​សម្រេច ហើយបន្ទាប់មក​ខ្សែប្រយុទ្ធ Julian Alvarez បន្ថែម ២គ្រាប់​ទៀត សម្រាប់ការ​ប្រកួត នៅកីឡដ្ឋាន Lusail នេះ ខណៈដែលក្រុមពពកអាហ្សង់ទីន បានឆ្លង​ផុត​ក្រុម​ក្រូអាស៊ី ហើយ​ឡើង​ទៅវគ្គផ្តាច់ព្រ័ត្រ ដែលពួកគេនឹងជួបជាមួយក្រុមបារាំង ឬក៏ម៉ារ៉ុក នៅ​ថ្ងៃអាទិត្យ។

ជ័យជម្នះនេះ បានបន្តដំណើរនៃ​ការ​ផ្លាស់ប្តូរដ៏​គួរឱ្យកត់សម្គាល់ពីក្រុមរបស់លោក Lionel Scaloni បន្ទាប់ពីពួកគេបានចាប់ផ្តើមយុទ្ធនាការរបស់ខ្លូន ក្នុងប្រទេសកាតា ជាមួយនឹងការរង​បរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងលទ្ធផល ២-១ ក្រោម​ស្នាដៃរបស់ក្រុម​អារ៉ាប៊ីសាអ៊ូឌីត។

«​ខ្ញុំគិតថា លទ្ធផល​នៃ​ការប្រកួតដំបូងបង្អស់ គឺជាការ​ខក​ចិត្ត​​ដ៏​តាន​តឹង​ខ្លាំង​ណាស់ ​សម្រាប់ពួកយើង ព្រោះពួកយើងបាន​លេង​ ៣៦​ហ្គេម ដែល​មិន​ចាញ់​សោះ​»។ នេះ​ជា​សម្ដី​របស់​កីឡាករ Messi ដែលបាននិយាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបាន​ជាប់​ឈ្មោះ​ជា​កីឡាករល្អ​ជាងគេ​នៃការប្រកួត កាល​ពី​យប់​មិញ​នេះ​។

រូប​គេ​បាន​បន្ត​ថា​៖ «ក្នុង​ចាប់ផ្តើមលើ​ផ្លូវ​នោះ នៅពេលដែលគ្មាននរណាម្នាក់រំពឹងថា យើងនឹង​ចាញ់ការប្រកួត គឺជាការធ្វើតេស្តដ៏​ពិតប្រាកដមួយ សម្រាប់កីឡាករ ក្នុង​ក្រុមនេះ។ ប៉ុន្តែយើងបានបង្ហាញថា យើងខ្លាំងកម្រិត​ប៉ុន​ណា។ អ្វី​ដែល​យើង​បាន​ធ្វើ ​តាំង​ពី​ពេល​នោះមក ​គឺ​ពិត​ជា​លំបាក​ណាស់ ​ព្រោះ​រាល់​ការ​ប្រកួតទាំង​អស់ ​គឺ​ជាវគ្គ​ផ្តាច់ព្រ័ត្រ។ យើង​បាន​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ ៥​លើក ឈ្នះ​ទាំង​អស់​ ហើយ​សង្ឃឹម​ថា ​យើង​ឈ្នះ​ហ្គេមបន្ទាប់»។

កីឡាករ Messi បានបន្ថែមថា៖ «ក្រុមនេះមានចរិតរឹងមាំណាស់ ហើយ​ក៏មាន​ភាពវៃឆ្លាតផងដែរ។ យើងមានក្រុម ដែលមានសមត្ថភាព យល់​ពី​ហ្គេមបាន ដែល​ដឹងពីរបៀបអត់​ធ្មត់ នៅពេលពួកគេទទួលរង​ការ​ខក​ចិត្ត​។ យើងមានបុគ្គលិក​គ្រូបង្ហាត់​ដ៏អស្ចារ្យ ដែលមិន​បណ្ដោយ​ឱ្យ​ឱកាស​បាត់​បង់​។ ទាំង​អស់​នោះ បាន​ជួយ​ច្រើន​ណាស់ ព្រោះវាមានន័យថា យើងតែងតែដឹងពីអ្វីដែលយើងត្រូវធ្វើ»។

ប្រធានក្រុមអាហ្សង់ទីនរូប​នេះ ឥឡូវនេះ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរួម​ ក្នុងការប្រកួតប្រជែង​នេះ ជាមួយនឹងគ្រាប់បាល់ចំនួន ៥គ្រាប់ ខណៈដែលរូប​គេ​សម្លឹង​ដល់​ការ​ឈ្នះពាន​រង្វាន់ នៅ World Cup ជាលើកដំបូង ក្នុងអាជីពដ៏ត្រចះត្រចង់​របស់​ខ្លួណ នៅ​វ័យ ៣៥ឆ្នាំ។

គ្រាប់បាល់បើក​ឆាក​របស់គេ ទល់នឹងក្រូអាស៊ី​នេះ គឺជាគ្រាប់បាល់ទី ១១ នៅ World Cup ដែលចំនួន​នេះ​នាំ​ឱ្យរូប​គេ​តាមស្មើកំណត់ត្រា ក្នុង​ក្រុម​អាហ្សង់ទីន ដែលគ្រប់គ្រងដោយអតីត​កីឡាករ លោក Gabriel Batistuta៕