ស្ថាប័នតំណាងកីឡាករបាល់ទាត់ពិភពលោក (FIFPRO) បានអំពាវនាវឱ្យប្រទេសអ៊ីរ៉ង់លុបចោលការកាត់ទោសប្រហារជីវិត ចំពោះកីឡាករបាល់ទាត់ Amir Nasr-Azadani ដោយលើកឡើងថា «មានការរន្ធត់ និងតក់ស្លុត» ចំពោះស្ថានភាពរបស់គេ។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
កីឡាករ Nasr-Azadani ធ្លាប់លេងឱ្យក្លិបមួយចំនួន ក្នុងនោះរួមទាំងក្លិប Tractor នៅក្របខ័ណ្ឌ Persian Gulf Pro League ផងដែរ។ រូបគេត្រូវបានគេនិយាយថា ត្រូវបានចាប់ខ្លួន កាលពីខែវិច្ឆិកា ហើយត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងការសម្លាប់សមាជិក ៣នាក់នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាម។
គេហទំព័រ IranWire បានរាយការណ៍ថា កីឡាករ Nasr-Azadani អាយុ ២៦ឆ្នាំ ស្ថិតក្នុងគ្រោះថ្នាក់នៃការកាត់ទោសប្រហារជីវិត សម្រាប់បទល្មើស ដែលគេឱ្យឈ្មោះថា «Moharebeh» ដែលត្រូវបានបកប្រែយ៉ាងទូលំទូលាយថា ជា«ការធ្វើសង្រ្គាមប្រឆាំងនឹងព្រះជាម្ចាស់»។ យោងតាមគេហទំព័រដដែលនេះ រូបគេប្រឈមនឹងការកាត់ទោស ដោយការព្យួរក។
ភាពចលាចល និងការតវ៉ា បានផ្ទុះឡើង នៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីនាង Mahsa Amini វ័យ ២២ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស កាលពីខែកញ្ញា បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទពាក់ហ៊ីចាបមិនត្រឹមត្រូវ។
FIFPRO ដែលតំណាងឱ្យកីឡាករអាជីពនៅទូទាំងពិភពលោក បានប្រាប់ថា ស្ថាប័នឈរនៅក្នុងសាមគ្គីភាពយ៉ាងរឹងមាំជាមួយកីឡាករ Nasr-Azadani។
ស្ថាប័ន បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «FIFPRO មានការរន្ធត់ និងតក់ស្លុតយ៉ាងខ្លាំង ចំពោះរបាយការណ៍ ដែលកីឡាករបាល់ទាត់អាជីព Amir Nasr-Azadani ប្រឈមនឹងការកាត់ទោសប្រហារជីវិត នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីធ្វើយុទ្ធនាការទាមទារសិទ្ធិស្ត្រី និងសេរីភាពជាមូលដ្ឋាន នៅក្នុងប្រទេសរបស់ខ្លួន»។
ជាមួយគ្នានេះ FIFPRO បានសុំអំពាវនាវឱ្យមានការដកទណ្ឌកម្មបែបនេះជាបន្ទាន់៕