អន្តរជាតិ

៧០ប្រទេសសម្រុកជួយអ៊ុយក្រែន សរុបជាង១ពាន់លានដុល្លារសម្រាប់រដូវរងានេះ

ដើម្បីជាការប្តេជ្ញាចិត្តក្នុងរដូវរងានេះ សម្ព័ន្ធមិត្ត៧០ប្រទេស រួមទាំងកម្ពុជា និងស្ថាប័នជាច្រើនទូទាំង​ពិភពលោក បានសម្រុកផ្តល់ជំនួយអ៊ុយក្រែនសរុបជាង១ពាន់លានដុល្លារ។

ការផ្តល់នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំប្រទេសបារាំងដែលជាម្ចាស់ផ្ទះ ខណៈប្រទេសទាំង​៧០ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ស្ថាប័នជុំវិញពិភពលោក បានរួមគ្នាពិភាក្សាថាតើគួរជួយអ៊ុយក្រែន​យ៉ាងណានៅចន្លោះរដូវរងាដែលនឹងអូសបន្លាយរហូតដល់ខែមីនា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna បាននិយាយប្រាប់ថា ភាគីទាំងអស់បាន​សម្រេចសម្រួលគ្នាផ្តល់នូវជំនួយជាទឹកប្រាក់ជាង ១ ពាន់លានអឺរ៉ូ ស្មើនឹង១,០៥លានដុល្លារអាម៉េរិក។ ខណៈជាមួយនោះ ៤១៥ លានដុល្លារ នឹងត្រូវរ៉ាប់រងលើវិស័យថាមពលរបស់អ៊ុយក្រែន។ លោកស្រីបន្តថា ការចូលរួមមិនមែនត្រឹមតែប្រទេសលោកខាងលិចនោះទេ តែក៏មានដូចជាកាតា និងកម្ពុជាម្ចាស់ផ្ទះអាស៊ានផងដែរក្នុងការគាំទ្រសម្រាប់អ៊ុយក្រែន។ អ្នកស្រីបាននិយាយថា មូលនិធិដែលនៅសល់នឹងត្រូវបញ្ជូនទៅកាន់វិស័យសុខាភិបាល អាហារ ទឹក និងដឹកជញ្ជូនរបស់ប្រទេសអ៊ុយក្រែន។

ជាការដឹងគុណ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានប្រាប់អ្នកយកព័ត៌មាន​នៅទីក្រុងប៉ារីសថា “នេះគឺជាសញ្ញាដ៏មានឥទ្ធិពលមួយដើម្បីបង្ហាញថាពិភពលោក​អរិយធម៌កំពុងគាំទ្រអ៊ុយក្រែន” ។ “យើង​មាន​អំណរគុណ​ចំពោះ​ប្រទេស​ដែល​នៅ​ក្បែរ​យើង​នៅ​ពេល​យើង​រង​ការ​ឈ្លានពាន​ដោយ​រុស្ស៊ី​លើ​ទឹកដី​របស់​យើង និងហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​របស់​យើង”៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា