អន្តរជាតិ

អ៊ុយក្រែនយល់ព្រមជាមួយតួកគីផលិតយន្តហោះគ្មានមនុស្សបើក Bayraktar នៅអ៊ុយក្រែន

សភាអ៊ុយក្រែនកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានយល់ព្រមផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជាមួយ​តួកគីក្នុងការផលិតយន្តហោះគ្មានមនុស្សបើកលើដីអ៊ុយក្រែនផ្ទាល់។

យោងតាមសភាអ៊ុយក្រែនកាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ សច្ចាប័នលើកិច្ចព្រមព្រៀងរវាងអ៊ុយក្រែននិង​តួកគី​ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ អាកាសចរណ៍ និងឧស្សាហកម្មអវកាស ត្រូវបានបង្កើតឡើង។ កាសែត Pravda បានរាយការណ៍ឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យ​បង្កើតផលិតកម្ម Bayraktar នៅអ៊ុយក្រែន។ លោក Shmyhal នាយករដ្ឋមន្រ្តីអ៊ុយក្រែន បានកត់សម្គាល់​ថា “វានឹងអនុញ្ញាតឲ្យតួកគីអាចសាងសង់រោងចក្រនៅអ៊ុយក្រែនសម្រាប់ការផលិត និងថែទាំយន្តហោះ​គ្មានមនុស្សបើក Bayraktar ដ៏ល្បីល្បាញផ្ទាល់តែម្តង” ។ លោក Oleksii Reznikov រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អ៊ុយក្រែនបានឲ្យដឹងបន្ថែមទៀតថា យន្តហោះគ្មានមនុស្សបើកដែលផលិតនៅ​រោងចក្រក្នុងប្រទេសអ៊ុយក្រែននេះនឹងត្រូវបានបំពាក់ដោយម៉ាស៊ីនផលិតដោយអ៊ុយក្រែន ព្រមទាំងនឹងមានការបង្កើតជាមជ្ឈមណ្ឌលសម្រាប់ការបណ្តុះ បណ្តាលអ្នកឯកទេសគ្រប់គ្រង​យន្តហោះគ្មានមនុស្សបើកតាមប្រភេទនីមួយៗផងដែរ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីនៃ​ប្រទេសទាំងពីរ​តាំងពីខែកុម្ភៈមកម្ល៉េះ មុនពេលការឈ្លានពានរបស់រុស្ស៊ីទៅទៀត។ យន្តហោះគ្មានមនុស្សបើក​របស់តួកគី ត្រូវបានគេទទួលស្គាល់ជាសព្វាវុធអាកាសខ្លាំងអស្ចារ្យ ខណៈអ៊ុយក្រែនប្រើវាជាចម្បង​ក្នុងវិស័យទ័ព រហូតដល់បង្កើតបទចម្រៀងស្នេហាជាតិយកឈ្មោះយន្តហោះនេះជា​ចំណងជើង​ទៀតផង៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា