អន្តរជាតិ

អ៊ុយក្រែនប្រាប់ទាហានរុស្ស៊ីអាចចុះចាញ់បាន តាមរយៈយន្តហោះគ្មានមនុស្សបើក

អ៊ុយក្រែនជូនដំណឹងដល់កងកម្លាំងរុស្ស៊ីណាដែលស្ម័គ្រចិត្តចុះចាញ់ដោយសុវត្ថិភាព អាចធ្វើបានតាម​រយៈប្រព័ន្ធយន្តហោះគ្មានមនុស្សបើកខាងអ៊ុយក្រែន។

យោងតាមអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងថា ចាប់ពីពេលនេះតទៅ ទាហានរុស្ស៊ីអាចចុះចាញ់បានដោយសុវត្ថិភាពគ្រប់ទីកន្លែង ដោយមានជំនួយពីយន្តហោះគ្មាន​មនុស្សបើករបស់អ៊ុយក្រែន តែពួកគេត្រូវតែគោរពតាមការផ្សព្វផ្សាយវីដេអូណែនាំជា​ជំហានៗ​ជាមុនសិន។ យោងតាមសេចក្តីណែនាំតាមរយៈ  បណ្តាញសារតេលេក្រាម ទាហានរុស្ស៊ីគ្រាន់តែ​ចូលមើលនូវការណែនំាឃ្លីបវីដេអូជាភាសារុស្ស៊ីស្រាប់ និងជ្រើសរើសប៊ូតុង Hochu Zhit ប្រែថា “ខ្ញុំចង់រស់នៅ” ផ្តល់ព័ត៌មានបន្ថែមអំពីកូអរដោនេទីតាំងបច្ចុប្បន្នរបស់អ្នកជាការស្រេច។

ទាហានរុស្ស៊ីត្រូវរង់ចាំរហូតបានឃើញខាងអ៊ុយក្រែនបញ្ជូនយន្តហោះទៅ រួចត្រូវលើកដៃជាសញ្ញា​តាមពេលវេលាដែលបានកំណត់ក្នុងប្រព័ន្ធ។ នោះយន្តហោះនឹងនាំអ្នកដើររហូតមកជួប​នឹងកងកម្លាំងអ៊ុយក្រែនដោយសុវត្ថិភាព។

ចាប់តាំងពីមានសង្រ្គាមមក រដ្ឋាភិបាលអ៊ុយក្រែនបានដាក់ចេញនូវវិធីសាស្រ្តជាច្រើនប្រភេទ​ដល់កងកម្លាំងរុស្ស៊ីដែលស្ម័គ្រចិត្តចង់ចុះចាញ់មិនចង់ប្រយុទ្ធ។ ក្នុងនោះរួមមានទាំងការហៅទូរសព្ទ ចុះឈ្មោះតាមគេហទំព័រអ៊ីនធើណេត និងតាមរយៈយន្តហោះគ្មានមនុស្សបើកនេះជាដើម៕

ប្រភព៖ ​ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា