អន្តរជាតិ

អ៊ុយក្រែនថា សេដ្ឋកិច្ចខ្លួននឹងធ្លាក់ចុះពាក់កណ្តាលនៅឆ្នាំនេះ បើរុស្ស៊ីបន្តវាយប្រហារ

រដ្ឋាភិបាលអ៊ុយក្រែននិយាយថា សេដ្ឋកិច្ចរបស់ខ្លួននឹងធ្លាក់ចុះពាក់កណ្តាលនៅឆ្នាំនេះ ប្រសិនបើការវាយប្រហាររបស់រុស្ស៊ីនៅតែបន្ត។

យោងតាមទីភ្នាក់ងារព័ត៌មាន Interfax Ukraine បានដកស្រង់សំដីលោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmyhal និយាយថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនអាចធ្លាក់ចុះ ៥០ ភាគរយនៅឆ្នាំនេះ ប្រសិនបើរុស្ស៊ីនៅតែបន្តវាយប្រហារបណ្តាញអគ្គិសនីជាតិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀត។ “ការធ្លាក់ចុះនៃសេដ្ឋកិច្ចអ៊ុយក្រែនត្រូវបានព្យាករណ៍នៅកម្រិត ៣៥-៤០ ភាគរយ” ។ “ប្រសិនបើសកម្មភាពភេរវកររុស្ស៊ីប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធរបស់យើងនៅតែបន្ត យើងអាចបាត់បង់ ១០ភាគរយទៀតចំពោះតួលេខទាំងនេះ ពោលគឺរហូតដល់ ៥០ភាគរយនៃផលិតផលក្នុងស្រុកសរុប​របស់យើង” ។ Shmyhal ក៏បាននិយាយផងដែរថា រដ្ឋាភិបាលបានប៉ាន់ប្រមាណថាការខូចខាតពីសង្គ្រាម​អាចឈានដល់ ៧០០ ពាន់លានដុល្លារនៅចុងឆ្នាំនេះ។

ចាប់តាំងពីខែតុលាមក រុស្ស៊ីបានបើកការវាយឆ្មក់ដោយកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក​ជាបន្តបន្ទាប់ទៅលើរោងចក្រថាមពលអ៊ុយក្រែន ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស។ ទន្ទឹមនោះ ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានបញ្ជាក់យ៉ាងច្បាស់ៗថា ប្រតិបត្តិការយោធាពិសេស​របស់លោកនឹងបន្តទៅមុខយូរអង្វែងបន្ថែមទៀត៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា