សន្ដិសុខសង្គម

ស្ត្រីសង្ស័យលួចម៉ូតូនិងទូរសព្ទឯខេត្តកំពតមកជាប់ខ្នោះនៅភ្នំពេញ

ភ្នំពេញ៖ស្ត្រីសង្ស័យលួចម៉ូតូនិងទូរសព្ទឯខេត្តកំពត ត្រូវសមត្ថកិច្ចភ្នំពេញចាប់បានម្តុំមុខរោងកុនចេនឡា ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ។

កម្លាំងជំនាញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះថា ជនសង្ស័យឈ្មោះ សូ ស្រីនិច អាយុ ២២ឆ្នាំនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ខេត្តបាត់ដំបង។ស្នាក់នៅបណ្តោះអាសន្នភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ខេត្តកំពត។រីឯស្ត្រីម្ចាស់ម៉ូតូឈ្មោះ ស៊ុត សាវរី ស្នាក់នៅកន្លែងជិតស្ត្រីសង្ស័យ។សម្ភារដែលលួចម៉ូតូម៉ាកហុងដា zoomer x ផ្លាកលេខកំពត 1N-8881-ទូរសព្ទដៃម៉ាកអាយហ្វូន១២ pro max ។

ជនសង្ស័យបានប្រព្រឹត្តនៅខាងកើតផ្សាររាត្រីរង្វង់មូលទុរេន ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។ក្រោយកើតហេតុ កម្លាំងនគរបាលខេត្តកំពតបានសហការ និងផ្តល់ព័ត៌មានដើម្បីត្រួតពិនិត្យនិងប្រដេញតាមប្រព័ន្ធ iCloud ទូរសព្ទរបស់ជនរងគ្រោះ​រហូតចាប់ជនសង្ស័យនៅភ្នំពេញតែម្តង៕ដោយ៖វិចិត្រ