សន្ដិសុខសង្គម

រថយន្តបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យ បុរសម្នាក់ស្លាប់នៅមន្ទីរពេទ្យ

ភ្នំពេញ៖រថយន្តមិនស្គាល់អត្តសញ្ញាណបានបើករត់បាត់ក្រោយបុកម៉ូតូធំពេញទំហឹងប៉ើងទៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ពេលដឹកទៅដល់មន្ទីរពេទ្យ។ហេតុការណ៍នេះកើតឡើងនៅម្តុំស្តុប​ផ្សារមាន់អាំង តាមផ្លូវ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីរំលងអធ្រាត្រឈានចូល​ថ្ងៃទី១៤ ខែធ្នូ។

មន្រ្តីនគរបាលមូលដ្ឋានបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ឆាយ ភឿយ អាយុ២៤ឆ្នាំ ជាអ្នកលក់ស្លាបមាន់បំពង នៅក្បែរសាលាឥន្រ្ទទេវី សង្កាត់បឹងកក់ទី២ មានស្រុកកំណើត ភូមិស្រឡៅជ្រុំ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាក MSX ផ្លាកលេខភ្នំពេញ1GK-6053 បើកតាមផ្លូវ៥៩២ ពីកើតទៅលិច។មកដល់ភ្លើងស្តុបស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបើកតាមផ្លូវ៣១៥​ពីជើងទៅត្បូងក្នុងល្បឿនលឿន។រថយន្តបានបុកម៉ូតូពីចំហៀងពេញទំហឹងបណ្តាលឱ្យម៉ូតូខ្ទាតទៅលើ​ចិញ្ចើមផ្លូវមនុស្សរងរបួសធ្ងន់ធ្ងរ ហើយរថយន្តបង្កបានបន្ថែមល្បឿនគេចខ្លួនបាត់។

ក្រោយមកជនរងគ្រោះត្រូវបានគេដឹកទៅសង្គ្រោះភ្លាមៗតែបានស្លាប់នៅមន្ទីរពេទ្យ។សមត្ថកិច្ចជំនាញ​បានចុះពិនិត្យនិងយកម៉ូតូទៅរក្សាទុកនិងបន្តស្រាវជ្រាវរករថយន្តបង្កយកមកដោះស្រាយតាមនីតិវិធី៕ដោយ៖វិចិត្រ