សន្ដិសុខសង្គម

រថយន្តដឹកដីបត់ ម៉ូតូមកពីក្រោយបុក បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់

បាត់ដំបង៖គ្រោះថ្នាក់ចរាចរដោយរថយន្តដឹកដីបើកហើយបត់បង្ខំ ត្រូវម៉ូតូមកពីក្រោយបុកពេញ​ទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់។ហេតុការណ៍ដ៏សង្វេគនោះបានកើតឡើងនៅភូមិ​អូរខ្ជាយត្បូង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះ។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះម៉ែន បូរាន អាយុ ៣៣ឆ្នាំ របួសធ្ងន់ នៅភូមិរាំងក្រោល ស្រុកសង្កែ ខេត្តបាត់ដំបង ជិះម៉ូតូឌុបក្មួយ ២នាក់ឈ្មោះឃឿប សុខេន អាយុ ៦ឆ្នាំបានស្លាប់ និងក្មេងស្រីម្នាក់ឈ្មោះឃឿប សុនី អាយុ៤ឆ្នាំ របួសធ្ងន់។

មុនកើតហេតុ បុរសរងគ្រោះជិះម៉ូតូផ្លាកលេខបន្ទាយមានជ័យ 1A-5880 ដឹកក្មេងៗឡើងវ៉ាជែង​ក្នុងល្បឿន​លឿនបានជ្រុលបុកជាមួយរថយន្តដឹកដីគ្មានផ្លាកលេខកំពុងបត់បណ្តាលឱ្យ​មានអ្នកស្លាប់និងរងរបួសធ្ងន់តែម្តង។ចំណែកតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់។

ក្រោយហេតុការណ៍កើតឡើង កម្លាំងនគរបាលបានចុះពិនិត្យនិងយកមធ្យោបាយទាំង២ទៅរក្សាទុក​នៅនគរបាលចរាចរណ៍ខេត្តរង់ចាំការដោះស្រាយពេលក្រោយ៕ដោយ: ព្រះអង្គខ្មៅ