សន្ដិសុខសង្គម

ភ្លើងពីគំនរចំបើងរាលដាលឆេះដល់ផ្ទះ និងទ្រព្យសម្បត្តិអស់គ្មានសល់

ស្វាយរៀង៖ភ្លើងពីគំនរចំបើងរាលដាលឆេះដល់ផ្ទះមួយខ្នងទាំងទ្រព្យសម្បត្តិនិងសម្ភារប្រើប្រាស់អស់គ្មានសល់ ដែលសមត្ថកិច្ចមកជួយអន្តរាគមន៍បាញ់ទឹកមិនទាន់ពេលវេលា។

គ្រោះអគ្គិភ័យនេះបានកើតឡើងនៅភូមិត្រពាំងពិការ ឃុំអម្ពិល ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ។ មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ វ៉ា វង់ អាយុ២៧ឆ្នាំ ប្រពន្ធឈ្មោះឯក សាវី អាយុ ២៦ឆ្នាំ នៅភូមិ ឃុំខាងលើ។

មុនកើតហេតុគេឃើញមានផ្សែងឆេះចេញពីគំនរចំបើង ហើយរាលដាលឆេះដល់ផ្ទះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិជួយដងទឹកជះនិងប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចេញរថយន្តជួយបាញ់ទឹក។ប៉ុន្តែដោយមានខ្យល់ភ្លើងឆេះខ្លាំងមិនអាចគ្រប់គ្រងស្ថានការណ៍បានបណ្ដាលឱ្យឆេះផ្ទះអស់​គ្មានសល់។

ផ្ទះឆេះនោះមានទំហំ៥គុណ៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ខូចខាតទ្រព្យសម្បត្តិក្នុងនោះមានលុយ​ទើបខ្ចីពី​ធនាគារចំនួន៦លានរៀល មាស៣ជីកន្លះ លុយទើបលក់ស្រូវបានចំនួន១.២៥០.០០០រៀល ស្រូវ២០បាវ សម្លៀកបំពាក់និងសម្ភារប្រើប្រាស់ឆេះទាំងអស់សរុបប្រមាណ៧.២៥០.០០០រៀល៕ដោយ៖វិចិត្រ