អន្តរជាតិ

ព្យុះព្រិលវាយលុកខ្លាំងនៅអឺរ៉ុប ខណៈទីក្រុងឡុងដ៍ប្រែក្លាយជាសក្បុស

ព្យុះព្រិលវាយលុកខ្លាំងទូទាំងអឺរ៉ុបនៅសប្តាហ៍នេះ បណ្តាលឲ្យមានការរំខានដល់ការផ្គត់ផ្គង់អគ្គិសនី និងការធ្វើដំណើរ ខណៈដែលទីក្រុងឡុងដ៍ចក្រភពអង់គ្លេសវិញបានប្រែក្លាយជាសក្បុស។

យោងតាមសេចក្តីរាយការណ៍ដោយបណ្តាញសារព័ត៌មានអឺរ៉ុបជាច្រើនបានចុះផ្សាយនៅថ្ងៃពុធនេះថា ព្រិលទឹកកកបានសម្រុកបង្អុរធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងតំបន់អឺរ៉ុបខាងកើត ខណៈដែលនៅ​ទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ព្រិលបានធ្លាក់រហូតកប់ក្នុងជម្រៅចន្លោះពី១៩ ទៅ២០ សង់ទីម៉ែត្រ ដែលធ្វើឲ្យប៉ះពាល់ការធ្វើចរាចរណ៍ក្នុងក្រុង សេវាកម្មផ្លូវដែក អាកាសចរណ៍ និងសូម្បីតែថ្មើរជើង។ នៅទូទាំងចក្រភពអង់គ្លេស  សេវាកម្មផ្លូវដែកនៅមានរត់បានត្រឹមតែ២០ភាគរយប៉ុណ្ណោះដែលនៅតែ​កំពុងបើករត់កាត់វាលព្រិល។ រីឯនៅប្រទេសអេស្តូនីវិញ ប្រជាជន​ប្រហែល ៤០០០គ្រួសាររស់នៅ​ភាគខាងត្បូង កំពុងជួបប្រទះនឹងការដាច់ចរន្តអគ្គិសនី ដោយសារព្យុះព្រិលកំបុតត្បូង។ និងនៅអ៊ុយក្រែន អាកាសធាតុត្រជាក់នេះក៏កំពុង​ញាំញី​អស់​រយៈពេល​ជាង​ពីរ​​   សប្តាហ៍​ហើយដែរ។ ព្រិលបានធ្លាក់ម្តងទៀតក្នុងរដ្ឋធានី Kyiv ជាកន្លែងដែលកម្មករប្រញាប់ប្រញាល់បោសសម្អាតផ្លូវ​ដែលមានព្រិលធ្លាក់ខ្លាំង ទន្ទឹមនឹងមានការវាយប្រហារពីរុស្ស៊ីផងនោះ។

ទោះបីជាយ៉ាងណាក៏ដោយ នៅតំបន់ខ្លះនៃអឺរ៉ុបដែលមិនសូវរងផលប៉ះពាល់ខ្លាំង ប្រជាជនក៏បាន​ចូលរួមសប្បាយជាមួយព្រិល សំណង់ទឹកកកកម្សាន្តផ្សេងៗ៕

ប្រភព៖ ​ EURONEWS

ប្រភពរូប៖EURONEWS
ប្រែសម្រួល៖សុខ តុលា