សន្ដិសុខសង្គម

បើករថយន្តទំនងងោកបុកជាមួយម៉ូតូធ្លាក់ទឹកអូរ គ្រូបង្រៀនម្នាក់ស្លាប់

តាកែវ៖អ្នកបើករថយន្តទំនងងោកមួយភាំងក៏ជ្រុលបុកជាមួយម៉ូតូទិសដៅបញ្ច្រាសគ្នា ទាំងម៉ូតូនិង​រថយន្ត​បានធ្លាក់ទឹកអូរនៅក្បែរនោះបណ្តាលឱ្យគ្រូបង្រៀនម្នាក់ស្លាប់។គ្រោះថ្នាក់ចរាចរនេះ​បានកើតឡើងនៅលើផ្លូវជាតិលេខ២២ ភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ។

ប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តម៉ាកតូយ៉ូតាព្រូស ផ្លាកលេខភ្នំពេញ 2AV-6416 បើកពីលិចទៅកើត។មកដល់កន្លែងខាងលើបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខតាកែវ 1Q-5056 មកពីមុខពេញទំហឹងបណ្តាលឱ្យរថយន្ត-ម៉ូតូធ្លាក់ចុះទឹកអូរខូចខាតយ៉ាងដំណំ​និងបុរសម្នាក់ស្លាប់។

ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ តៅ ចាន់ ណារិទ្ធ អាយុ ៤៣ឆ្នាំ ជាគ្រូបង្រៀន នៅភូមិត្រពាំងកក់ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ចំណែកអ្នកបើកបររថយន្តឈ្មោះហ៊ីងសំណូល អាយុ ២៨ឆ្នាំនៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុ កម្លាំងជំនាញបានយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាល​ស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ