សន្ដិសុខសង្គម

ដាក់គុកជនជាប់ចោទ២នាក់មួយជីវិត ពាក់ព័ន្ធគ្រឿងញៀនទម្ងន់ជាង២៥គីឡូក្រាម

ភ្នំពេញ៖តុលាការភ្នំពេញ រសៀលថ្ងៃទី១៤ ខែធ្នូនេះបានផ្តន្ទាទោសជនជាប់ចោទ២នាក់​ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ករណីដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ទម្ងន់ជាង២៥គីឡូក្រាម។

មន្ត្រីតុលាការបានបញ្ជាក់ថា បុរសជាប់ចោទឈ្មោះ អ៊ាត ម៉ាទី អាយុ៣៧ឆ្នាំ និងឈ្មោះ នុត កែវរចនា អាយុ៣៦ឆ្នាំ ត្រូវដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ពីបទផ្តើមគំនិតក្នុងអំពើរក្សាទុក ដឹកជញ្ជូននិង​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាង២៥គីឡូក្រាម។

ជនជាប់ចោទត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដោយកម្លាំង​មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក១០ នៅបន្ទប់ជួលលេខ៩ ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនជាប់ចោទ សមត្ថកិច្ចចាប់បានវត្ថុតាងគ្រឿងញៀន-មេតំហ្វេតាមីន ICEទម្ងន់២០គីឡូ៩៩០,៧៣ក្រាម-អ៊ិចស្តាស៊ី MDMA ២គីឡូ៨០០ក្រាម-កេតាមីន (Ketamine)​១គីឡូ៤០២ក្រាម-សរុបទម្ងន់២៥គីឡូ១៩២,៧៣ក្រាម៕ដោយ៖វិចិត្រ